ភ្នំពេញ៖ ក្រុមការងារយន្ដការត្រីភាគីបូក បានមកជួបជុំជាលើកទី២ ដើម្បីជជែកពិភាក្សាបន្តទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តកិច្ចពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ សំដៅសម្រេចឱ្យបាននូវសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ មុននឹងបន្តនីតិវិធីជាធរមានដើម្បីអនុម័តច្បាប់នេះឱ្យបានមុនដំណាច់ឆ្នាំ២០២០។
លោក អ៉ិត សំហេង មានប្រសាសន៍ថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយបានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ។ ផ្អែកលើលទ្ធផលនៃសិក្ខាសាលានេះ ក្រុមការងារយន្ដការត្រីភាគីបូកសម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារត្រូវបានបង្កើតឡើង និងបានរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យនិងពិគ្រោះយោបល់លើសេចក្តីព្រាងបឋមនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកទាំងអស់។
ផ្អែកលើលទ្ធផលនេះ លេខាធិការដ្ឋានគណៈកម្មការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំនូវសេចក្តីព្រាងច្បាប់ដំបូងដែលជាកម្មវត្ថុនៃកិច្ចប្រជុំនាថ្ងៃនេះ ដោយបានបញ្ជូនទៅអង្គការអន្តរជាតិខាងការងារ ដើម្បីពិនិត្យផ្តល់យោបល់។ ដើម្បីជំរុញឱ្យកិច្ចប្រជុំនាថ្ងៃនេះទទួលបានូវលទ្ធផលដូចការរំពឹងទុក លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំសាជាថ្មី ថា៖
១. ការកែសម្រួលអត្រាប្រាក់ឈ្នួលការងារពេលយប់ គឺដើម្បីបង្កើតនិងបង្កើនឱកាសការងារកាន់តែសម្បូរណ៍បែបជូនដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ចំណុចនៃវិសោធនកម្មនេះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត ដែលកំពុងបម្រើការងារជាការងារពេលយប់ម្តងម្កាល ឬឆ្លាស់វេនគ្នានោះទេ ដោយហេតុថាចំណុចនេះអនុវត្តចំពោះតែកម្មករនិយោជិតដែលបំពេញការងារពេលយប់ជាប្រចាំតែប៉ុណ្ណោះ។ សហគ្រាសដែលនឹងដំណើរការ ២៤ម៉ោង ត្រូវតែផ្តល់ជូនកម្មករនិយោជិតធ្វើការងារពេលយប់ជាប្រចាំនូវអត្ថប្រយោជន៍បន្ថែម ដែលជាលក្ខខណ្ឌអប្បបរមា និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារចំពោះប្រភេទកម្មករនិយោជិតនេះ ដូចដែលអនុសញ្ញាអន្តរជាតិខាងការងារលេខ១៧១ ស្តីពីការងារពេលយប់បានកំណត់។
២. ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ គឺមិនផ្ទុយនឹងអនុសញ្ញាអន្តរជាតិខាងការងារនោះទេ។ ការវិសោធនកម្មនេះមានគោលបំណងជំរុញផលិតភាពការងារនិងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា ក្នុងការសម្រួលដល់ការធ្វើវិនិយោគនិងការអភិវឌ្ឍប្រទេសជាតិ។ កម្ពុជានៅតែជាប្រទេសមួយដែលមានម៉ោងការងារតិចជាងបណ្តាប្រទេសនៅក្នុងតំបន់។
៣. ការពង្រីកវិសាលភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទការងារបុគ្គល គឺជាការចូលរួមពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារនៅកម្ពុជា ដោយបង្កើតជាជម្រើសដល់ភាគីវិវាទក្នុងការជ្រើសរើសយន្តការដោះស្រាយវិវាទការងារ ដែលឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ ការកែសម្រួលនេះ គឺស្របទៅនឹងគោលការណ៍ជាសកលក្នុងការធ្វើយ៉ាងណាឱ្យគូភាគីវិវាទឆាប់ទទួលបានយុត្តិធម៌។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនាថ្ងៃនេះ ក្រសួងនឹងបន្តនីតិវិធីជាធរមាន ដោយបញ្ចូនសេចក្តីព្រាងច្បាប់នេះឆ្លងកិច្ចប្រជុំអន្តរក្រសួង ក្នុងគោលបំណងទទួលបានការអនុម័តច្បាប់នេះឱ្យបានឆាប់ឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ៕
ដោយ៖ សូរិយា