ភ្នំពេញ៖ បើតាមការលើកឡើងដោយវិទ្យុជាតិកម្ពុជា គឺមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការបង្ហាញថា ពិធីពូនភ្នំខ្សាច់ក្នុងពេលវេលាបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរហើយទទួលមកវិញនូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ ។
លោក ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ថា តាមទំនៀមទម្លាប់ខ្មែរយើង ពិធីពូនភ្នំខ្សាច់ តែងធ្វើនៅរដូវបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ និងរដូវបុណ្យចូលឆ្នាំខ្មែរ នៅតាមទីវត្តអារាមនានា ក្រៅពីនេះគេច្រើនតែធ្វើចំពោះពេលបុណ្យចម្រើនអាយុ ជូនចំពោះមាតាបិតា ដើម្បីរំដោះគ្រោះចង្រៃផ្សេងៗ។
លោកបន្តថា ៖ ពិធីពូនភ្នំខ្សាច់នេះគឺរៀបចំជាគំនរខ្សាច់មានរាងដូចជាកូនភ្នំតូចៗ ចំនួនពី ៣ ទៅ ៥កូនភ្នំ ដែលតំណាងឱ្យភ្នំខ្សាច់ ហើយដាក់នៅលើថាសឬលើតុ ។ បើនៅតាមទីវត្តអារាមវិញ គេរៀបចំព័ទ្ធជុំវិញព្រះវិហារតាមទិសទាំង៨ តែជួនកាលគេធ្វើតែ ចំនួន៥ប៉ុណ្ណោះ គឺធ្វើមួយចំកណ្ដាលគេ ធ្វើធំហើយខ្ពស់ ដែលចាស់ៗតែងនិយមហៅថា ធ្វើតំណាងភ្នំ សិនេរុ(ភ្នំព្រះសុមេរុ-អានថា ភ្នំព្រះសុម៉ែ) ដែលជាទីតាំងនៃឋានត្រៃត្រឹង្ស ចំណែកភ្នំខ្សាច់បួនតូចៗជុំវិញគឺតំណាងឱ្យទិសទាំងបួន បើមាន៨គឺដំណាងឱ្យទិស ទាំង៨។ ភ្នំខ្សាច់នេះមានដាក់ក្អមកប់ឲ្យនៅត្រឹមក ដាក់ត្រង់កំពូលគ្រប់ចេតិយឬភ្នំខ្សាច់ រួចហើយយកទៀន ធូប ផ្កាឈើមានពណ៌ផ្សេងៗ និងដាក់ទង់ធ្វើពីក្រដាស់មានពណ៌ផ្សេងគ្នា ទៅដោតនៅចំពីលើកំពូលចេតិយ ឬភ្នំខ្សាច់សំរាប់បូជា ។
លោកបន្ថែមថា ការពូនភ្នំខ្សាច់ គឺមានជំនឿរថាបានឡើងឋានសួគ៌ និងដើម្បីផ្ដាច់នូវកម្មពៀរដែលបានធ្វើ និងរក្សានូវបុណ្យកុសល ទៅជាតិខាងមុខទៀត ។
លោកថ្លែងថា៖ ការពូនភ្នំខ្សាច់គឺដើម្បីផ្សងនិងដើម្បីជាអារម្មណ៍របស់មនុស្សដែលប៉ងប្រាថ្នា ចំពោះអ្នកដែលបានធ្វើខុសឆ្គាំឆ្គង សូមលន់តួខមាទោស ក្រែងកូនមានសម្ដីសម្ដៅ មិនសមទំនង ជាមួយមាតាបិតា ជីដូនជីតា ញាតិសន្តានដោយប្រការណាមួយ សូមលន់តួខមាទោស ដូចក្នុងសុភាសិតមួយគេថា គេមិនខ្លាចទេអ្នកធ្វើខុស ខ្លាចតែអ្នកមិនស្គាល់កំហុស ឥឡូវប្រសិនជាយើងបានធ្វើខុសឆ្គាំឆ្គង គ្រប់បែបយ៉ាងយើងលាកម្មពៀរអីចឹងអោយរួចទៅ ហើយយើងកុំធ្វើអាក្រក់ទៀត គឺធ្វើតែអំពើល្អ តៗទៅ ពីណាក៏ខុសដែរ តែខុសហើយគេលុបដោយពូនភ្នំខ្សាច់ គឺឈប់ធ្វើអាក្រក់ទៅលើមាតាបិតាតទៅទៀត គឺលាត្រឹមហ្នឹង ហើយធម៌ក្នុងព្រះពុទ្ធសាសនា គឺការចិញ្ចឹម ម៉ែ ឪ និងគោរពរៀមច្បងហ្នឹងហើយ ជាធម៌ត្រូវឡើងទៅឋានសួគ៌ ។
សូមបញ្ជាក់ថា តាមទំនៀមមិនត្រឹមតែពូនភ្នំខ្សាច់ប៉ុណ្ណោះទេ កន្លងមកមានទំនៀមពូនជាភ្នំអង្ករនិងស្រូវជាដើមទៅតាមទីវត្តអារាមនិងតាមទម្លាប់។ ជាតិសាសន៍ខ្មែរប្រសប់ឆ្នៃប្រឌិតនិងចេះច្របាច់ បញ្ចូលគ្នារវាងសាសនា ប្រពៃណីដែលខ្លួនធ្លាប់ប្រកាន់យក ដោយមិនលះបង់របស់ដែលចាស់និងស្រវាយកថ្មី ហើយការឆ្នៃប្រឌិត ជាភ្នំស្រូវ និងភ្នំអង្ករនេះ ដើម្បីសម្រាប់ទុកផ្គត់ផ្គង់ជីវភាពរបស់ព្រះសង្ឃដែលគង់រៀននៅតាមទីវត្តអារាម៕
ដោយ៖សិលា