ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការបើកឱ្យដំណើរការសិក្សាឡើងវិញនឹងជួយលើកកម្ពស់សមត្ថភាពសិស្សកាន់តែល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាសង្ឃឹមថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនឹងជួយលើកកម្ពស់សមត្ថភាព សិស្សានុសិស្សឱ្យកាន់តែល្អប្រសើរ បន្ទាប់ពីបានផ្អាកដំណើរការមួយរយៈដោយសារតែជំងឺកូវីដ-១៩ ។

លោកបណ្ឌិតសភាចារ្យ  ហង់  ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនូវដំណាក់កាលទី២នេះ ទោះបីសិស្សានុសិស្សពុំបានរៀនពេញលេញជាប់ជាមួយគ្រូក៏ដោយ ក៏សិស្សអាចមានសមត្ថភាពគ្រាន់បើជាងមុនដែរ ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ សិស្សានុសិស្សបានរៀនជាមួយអ្នកគ្រូលោកគ្រូ ក្នុង មួយសប្តាហ៍២ដង ប៉ុន្តែក្រសួងក៏បានជំរុញឲ្យសិស្សទំាងអស់ធ្វើស្វ័យសិក្សាដោយខ្លួនឯងនៅផ្ទះផង និង រៀនតាមអនឡាញផង  ដែលនឹងជួយឱ្យសិស្សកាន់តែមានសមត្ថភាព។

លោករដ្ឋមន្ត្រីថ្លែងថា៖ « ខ្ញុំជឿជាក់ថាបន្ទាប់ពីការបើកឱ្យដំណើរការសាលារៀនឡើងវិញ គឺសិស្សអាចរំលឹកមេរៀនបាន ដូច្នេះយើងបានដាក់ចេញសេចក្តីណែនាំមួយគឺថា មុននឹងចូលរៀនគឺគ្រូធ្វើតេស្តវាយតម្លៃសិស្ស ចំណេះដឹង អ៊ីចឹងបើសិនជាសិស្សភ្លេចគឺត្រូវតែរំលឹកមេរៀនឡើងវិញ ហើយធ្វើយ៉ាងណាដើម្បីបញ្ចប់កម្មវិធីសិក្សាឱ្យបាននូវក្នុងខែ១១នេះ ហើយបន្ទាប់មកទៀត យើងនឹងត្រៀមបើកបវេសនកាលថ្មីក្នុងខែមករា សម្រាប់ឆ្នាំសិក្សា២០២១ខាងមុខ ហើយជឿជាក់ថាក្នុងឆ្នាំ២០២២ខាងមុខនេះគឺយើងនឹងអាចដំណើរការបានប្រក្រតីឡើងវិញ »។

លោក ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ បន្តការយកចិត្តទុកដាក់ទៅលើការរៀបចំបរិស្ថាន សិក្សា ធានាបានស្តង់ដារ សុវត្ថិភាពអនាម័យ រក្សានូវគម្លាតសង្គម ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ត្រូវតែត្រួតពិនិត្យជាប្រចាំនូវ សុខភាពរបស់សិស្សានុសិស្ស ដូចជារបស់គ្រូបង្រៀនខ្លួនឯងផងដែរ ហើយប្រសិនបើមានការសង្ស័យណាមួយពីជំងឺកូវីដ-១៩ គឺត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីកុំឱ្យឆ្លងរាលដាលចូលទៅក្នុងសហគមន៍ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងរយៈពេលបិទសាលាកន្លងមកនេះសិស្សថ្នាក់តូចៗភាគច្រើន មិនអាចទទួលសេវាអប់រំតាមបែប អនឡាញបានទេ។ ចំណែកនៅតាមទីជនបទវិញ  ការសិក្សារបស់សិស្ស ក៏មិនសូវបានរៀនសូត្រនោះដែរ ដោយសារពួកគាត់មាន សេដ្ឋកិច្ចគ្រួសារមិនសូវល្អ រវល់ជួយការងារឪពុកម្តាយ និងខ្វះឧបករណ៍កសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ៕

ដោយ៖ សិលា ដកស្រង់ពីវិទ្យជាតិកម្ពុជា


ចែករំលែក៖