ព័ត៌មានទាន់ហេតុការណ៍៖

តើផ្លែម្រះ៖ ផ្ដល់ប្រយោជន៍អ្វីខ្លះ​ដល់​សុខភាព និងជួយព្យាបាលជំងឺអ្វីខ្លះ?

ចែករំលែក៖

ចំណេះដឹងទូទៅ៖ តើអ្នកដឹងទេថា៖ ផ្លែម្រះមានផ្ដល់ប្រយោជន៍អ្វីខ្លះ​ដល់​សុខភាព និងអាចជួយព្យាបាលជំងឺអ្វីខ្លះ? ហើយអ្នកដែលចូលចិត្ត និងអ្នកមិនចូលចិត្ត​ផ្លែម្រះនេះ ព្រោះតែវាមាន​រសជាតិ​ល្វីង។​ ប៉ុន្តែចំពោះអ្នកដែលចូលចិត្តហូបវា​ គឺវាមាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ស្បែក សក់ និង​ភ្នែក​ជាដើម។ ដូច្នេះការហូប​ផ្លែម្រះនេះ គឺ​អាច​ជួយ​ដល់​សុខភាព​យើងច្រើនផងដែរ ។

បើចង់ដឹងច្បាស់ថា៖ ផ្លែម្រះមានផ្ដល់ប្រយោជន៍អ្វីខ្លះ​ដល់​សុខភាព និងអាចជួយព្យាបាលជំងឺអ្វីខ្លះ? សូមអានអត្ថបទនេះមានដូចខាងក្រោម៖

១. ជំងឺ​ទឹកនោមផ្អែម
ម្រះ​មាន​សារធាតុ​ដែល​មានដំណើរការ​​ដូច​នឹង​អ័រម៉ូន​អាំងស៊ុយលីន​។ សារធាតុ​នេះ​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ទាំង​ប្រភេទ​១ និង​ប្រភេទ​២។ យើង​អាច​ផឹក​ទឹក​ម្រះ​មួយ​កែវ​រាល់​ថ្ងៃ។​ ប៉ុន្តែ​ប្រសិនជា​យើង​មាន​អាការៈ​ឈឺពោះ រាករូស និង​គ្រុនក្ដៅ​មិន​គួរ​បន្ត​ផឹក​ទេ។

២. សុខភាព​ស្បែក និង​សក់
ម្រះ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង A ដែល​ល្អ​សម្រាប់​ស្បែក។ សារធាតុ​ទាំង​នេះ​ប្រឆាំង​នឹង​ភាព​ចាស់​ មុន និង​បញ្ហា​ស្នាម​ជាំ​ ហើយ​ក៏​អាច​ព្យាបាល​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​ជំងឺ​ស្បែក Ringworm (កើត​នៅ​ស្បែក​ក្បាល) ជំងឺ​សើស្បែក Psoriasis និង​បញ្ហា​រមាស់។ ម្រះ​ក៏​អាច​កម្ចាត់​អង្គែ បញ្ហា​សក់​ជ្រុះ និង​បញ្ហា​សក់​បែក​ចុង។

៣. សុខភាព​ថ្លើម
ម្រះ​អាច​កម្ចាត់​ជាតិ​ពុល​ក្នុង​ថ្លើម និង​ជំរុញ​អង់ស៊ីម​ថ្លើម ហើយ​ក៏​មាន​ប្រយោជន៍​ក្នុង​ជួយ​សម្រាល​អាការៈ​ក្រោយ​ស្រវឹង​​ដោយ​កាត់បន្ថយ​គ្រឿងស្រវឹង​ស្តុក​ក្នុង​ថ្លើម។ ម៉្យាងទៀត ម្រះ​ក៏​ល្អ​សម្រាប់​ប្លោកនោម​ដែរ។

៤. ការ​រំលាយ​អាហារ
ម្រះ​សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ដល់​ការ​បន្ទោរ​បង់ និង​សម្រាល​ការ​ទល់​លាមក។ ដូចនេះ​គ្នាយើង​ដែល​មាន​បញ្ហា​ទល់​លាមក​គួរ​ញ៉ាំ​ម្រះ​ជាប្រចាំ។

៥. សុខភាព​បេះដូង
ម្រះ​អាច​កាត់បន្ថយ​ខ្លាញ់​អាក្រក់ (LDL) និង​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង​។ ម្រះ​ក៏​រក្សា​លំនឹង​សម្ពាធ​ឈាម​ដោយ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម​ដែល​អាច​ស្រូប​យក​សូដ្យូម​ដែល​លើស​ក្នុង​រាងកាយ។ ម៉្យាងទៀត ផ្លែ​នេះ​ក៏​ផ្ទុក​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិក​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​រក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ។

៦. ជំងឺ​មហារីក
បន្លែ​នេះជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ រួម​ទាំង​អាលែកហ្សី។ ការ​ញ៉ាំ​ម្រះ​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​មហារីក រួម​ទាំង​ប្រឆាំង​នឹង​ការ​លូតលាស់​កោសិកា​មហារីក និង​បញ្ឈប់​ការ​កកើត​នៃ​ដុំ​សាច់​មហារីក​ដូចជា​ជំងឺ​មហារីក​សុដន់ ជំងឺ​មហារីក​ពោះវៀន​ធំ និង​ជំងឺ​មហារីក​ប្រូស្តាត​ជាដើម។

៧. សម្រក​ទម្ងន់
ម្រះ​មាន​កាឡូរី​ទាប តែ​សម្បូរ​ដោយ​ជាតិ​សរសៃ។ ម្រះ​អាច​បញ្ឈប់​ការ​កកើត​ និង​ការ​លូតលាស់​នៃ​កោសិកា​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​មាន​នាទី​ស្តុក​ជាតិខ្លាញ់​ក្នុង​រាងកាយ។ ម៉្យាងទៀត ម្រះ​ក៏​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ឲ្យ​ប្រសើរ​ជាង​មុន ហើយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ម្រះ​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​រាងកាយ​ដែល​នេះ​អាច​ជួយ​ដល់​ការ​គ្រប់គ្រង និង​សម្រក​ទម្ងន់។

៨. បង្កើន​ថាមពល
ការ​ញ៉ាំ​ម្រះ​ជាប្រចាំ​អាច​បង្កើន​ថាមពល​ក្នុង​រាងកាយ​ និង​ជួយ​ដល់​ដំណេក​ឲ្យ​កាន់តែ​ល្អ។ ផ្លែ​នេះ​ដែរ​នៅ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​គេង​អត់​លក់ (insomnia)។ ក្រៅពីនេះ ម្រះ​ក៏​ល្អ​សម្រាប់​សុខភាព​ភ្នែក​ដោយសារ​សារធាតុ Beta-carotene និង​វីតាមីន A។

ដោយឡែកសម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ ជាពិសេស​ថ្នាំ​បញ្ចុះ​សម្ពាធឈាម​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ញ៉ាំ ឬ​ផឹក​ទឹក​ម្រះ​ក្នុង​កម្រិត​ច្រើន។ ចំណែកក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ដោយ៖សហការី


ចែករំលែក៖