មាននិទានមួយថា ៖ មានបុរសឆោត ៤ នាក់ បបួលគ្នាទៅចាប់ស្ត្រីក្រមុំម្នាក់ បានហើយ បុរសឆោតទាំង ៤ នាក់នោះក៏វិវាទគ្នា ប្រាថ្នាចង់យកជាភរិយាអាត្មាទីទៃ ៗ ។ ស្រីនោះឆ្លើយថា “ហៃចៅទាំង ៤ នាក់អើយ ! ឥឡូវនេះ ចៅវិវាទគ្នាដោយចង់យកអញជាប្រពន្ធនោះ អញពុំទាន់យកចៅណានីមួយឡើយ បើនរណាឆោត ទើបអញធ្វើជាប្រពន្ធអ្នកនោះហោង ” ។ បុរសឆោតទាំង ៤ នាក់នោះនាំគ្នាទៅប្ដឹងចៅក្រម ៗ ពិចារណារឿងបុរសឆោតទាំង ៤ នាក់ និងស្ត្រីនោះពុំបាន ទើបនាំស្ត្រី និងបុរសទាំង ៤ នាក់នោះ ឡើងទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលថា “សូមព្រះរាជទានបុរសឆោតទាំង ៤នេះ ចាប់ស្ត្រីក្រមុំម្នាក់នេះបានមកហើយវិវាទគ្នា ប្រាថ្នានិងយកជាភរិយាអាត្មាទីទៃ ៗ” ។ ស្ត្រីនេះពុំយកអ្នកណាឡើយ គ្រាន់តែឆ្លើយថា “បើចៅឯណាឆោតណាស់ ទើបយកចៅនោះឯង” ។ បុរសទាំង ៤ និងស្ត្រីនេះនាំគ្នាប្ដឹង ខ្ញុំព្រះបាទអម្ចាស់ឲ្យពិចារណាឲ្យ ខ្ញុំព្រះបាទអម្ចាស់ពិចារណាពុំបាន ទើបនាំស្ត្រីនិងបុរសឆោតទាំង ៤ នាក់នេះមកក្រាបបង្គំទូលព្រះបាទអម្ចាស់ សូមទ្រង់ព្រះតម្រិះពិចារណាហោង” ។ ទើបព្រះមហាក្សត្រត្រាស់ដណ្ដឹងថា “នែចៅឆោតទាំង ៤ នាក់! ចៅឆោតម្ដេចខ្លះ ? ចូរព្រះស្ដែងថ្លែងដំណើរឆោតនោះ មកអញនិងស្ដាប់ផងមើល ” ។ ទើបបុរសម្នាក់នោះក្រាបបង្គំទូលសម្ដែងឆោតថា “ មានបុរសជាស្មន់អន្ធករនិងប្រពន្ធខ្ញុំព្រះបាទអម្ចាស់ ៗ ពុំដឹងឡើយ ថ្ងៃមួយអាស្មន់អន្ធករវាត្បាញជាលជារូបស្រីម្នាក់ស្លៀកដណ្ដប់ឲ្យ ហើយបណ្ដើរមកសុំដេកក្រោមផ្ទះខ្ញុំព្រះបាទអម្ចាស់ ៗ ក៏បើកឲ្យបុរសនោះដេក លុះដល់ពាក់កណ្ដាលអាធ្រាត្រ ប្រពន្ធខ្ញុំព្រះបាទអម្ចាស់ធ្វើជាឈឺផ្ទៃ ដាស់ឲ្យខ្ញុំព្រះបាទអម្ចាស់ឲ្យអុជចន្លុះជូនទៅដល់ជើងជណ្ដើរផ្ទះ ប្រពន្ធខ្ញុំព្រះបាទអម្ចាស់ ដើរទៅដល់របង ត្រលប់វិលមកដេកនិងស្មន់អន្ធករនៅក្រោមផ្ទះវិញ, លុះយូរបន្តិច ទើបប្រពន្ធខ្ញុំព្រះបាទអម្ចាស់មកកាន់ខ្ញុំព្រះបាទអម្ចាស់វិញ លុះខ្ញុំព្រះបាទអម្ចាស់ គន់មើលចំណាំរៀង ៗ ទៅ ទើបដឹងជាក់ថាប្រពន្ធទៅដេកនិងស្មន់អន្ធករ នៅក្រោមផ្ទះនោះហោង ដូច្នេះឯង ខ្ញុំព្រះបាទអម្ចាស់ថាខ្លួនឆោតក្រៃលែងឆោត ” ។ បុរសក្រាបទូលរឿងឆោតថ្វាយថា “ មានកាលថ្ងៃ ១ ខ្ញុំព្រះបាទអម្ចាស់និងប្រពន្ធទៅដកសំណាបក្នុងស្រែ ស្មន់អន្ធកររបស់ប្រពន្ធខ្ញុំព្រះបាទអម្ចាស់វាឡើងទៅលើដើមឈើ ហើយស្រែកមកថា “ ខ្ញុំព្រះបាទអម្ចាស់ទាំង ២ ខូចនឹងគ្នា ” ខ្ញុំព្រះបាទអម្ចាស់ថាទៅកាន់វាវិញថា “ យើងពុំខូចនឹងគ្នាឡើយ ” វាស្ដាប់ពាក្យខ្ញុំព្រះបាទអម្ចាស់ថាដូច្នោះហើយ វារឹតតែស្រែកអាក្រោសមកជាពីរដងបីដង ទើបប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថា “ បើវានៅលើដើមឈើ វាថាយើងនេះខូចនឹងគ្នា ” ដូច្នេះចូរអ្នកហៅវាចុះមកនៅខាងអញ ហើយអ្នកឡើងទៅលើដើមឈើដែលវាឡើងនោះ រួចអ្នកមើលមកអញតើយល់ដូចពាក្យវាថា ឬដូចម្ដេច ? ” លុះប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថាដូច្នោះ ទើបខ្ញុំព្រះបាទអម្ចាស់ហៅវាចុះមកនៅខាងប្រពន្ធខ្ញុំបាទអម្ចាស់ ហើយខ្ញុំព្រះបាទអម្ចាស់ឡើងទៅនៅលើដើមឈើដែលវាឡើងនោះ, លុះវាចុះមកវិញវាខូចនឹងប្រពន្ធខ្ញុំព្រះបាទអម្ចាស់ ៗ មើលទៅឃើញវាខូចនឹងគ្នា ហើយខ្ញុំព្រះបាទអម្ចាស់គិតយល់ថាមែនដូចពាក្យវាថា ទើបខ្ញុំព្រះបាទអម្ចាស់ចុះអំពីលើដើមឈើនោះមកកាន់ប្រពន្ធវិញ លុះចំណេរទៅ ខ្ញុំព្រះបាទអម្ចាស់ចាំឃ្លាំមើលចំណាំរៀង ៗ តទៅទៀត ទើបយល់ថាវាខូចនឹងប្រពន្ធខ្ញុំព្រះបាទអម្ចាស់ពិតមែនដូច្នេះ ខ្ញុំព្រះបាទអម្ចាស់យល់ថាខ្លួនឆោត ក្រៃលែងឆោត ” ។ បុរសម្នាក់ក្រាបទូលរឿងឆោតថ្វាយថា “ កាលខ្ញុំព្រះបាទអម្ចាស់នៅកំលោះ គេហៅខ្ញុំព្រះបាទអម្ចាស់ទៅហូបបាយ ខ្ញុំព្រះបាទអម្ចាស់ឃើញស្រីក្រមុំច្រើនពេក ខ្ញុំព្រះបាទអម្ចាស់ខ្មាសគេ ពុំបានហូបបាយ តែខ្ញុំព្រះបាទអម្ចាស់ឃ្លានបាយណាស់ ខ្ញុំព្រះបាទអម្ចាស់យកអំបុកមកអកពេញមាត់ តឹងថ្ពាល់ទាំងសងខាង អំបុកនោះរីកចេញឃើញដូចបូស នឹងលេបចូលពុំរួច នឹងខ្ជាក់ចេញពុំបាន លុះគេតឿនឲ្យហូបបាយ ហូបនឹងគេពុំបានឡើយ គេឃើញខ្ញុំព្រះបាទអម្ចាស់ស្ងៀមដូច្នោះ ទើបគេយកចន្លុះមកឆ្លុះមើលថ្ពាល់ទាំងសងខាងឃើញដូចបូស ខ្ញុំព្រះបាទអម្ចាស់រឹតតែខ្មាសស្រីក្រមុំទាំងនោះណាស់ទៅទៀត ដូច្នេះខ្ញុំព្រះបាទអម្ចាស់យល់ថាខ្លួនឆោតក្រៃលែងឆោត” ។ បុរសម្នាក់ទៀត សម្ដែងឆោតក្រាបទូលថា “មានកាលថ្ងៃមួយ ខ្ញុំព្រះបាទអម្ចាស់ វេចបាយ ១ សំណុំចងពុននៅផ្លែលំពែង ដើរចេញទៅ ចូលក្នុងព្រៃ ខ្ញុំព្រះបាទអម្ចាស់បញ្ឈរលំពែងនៅក្រោមឈើ ១ ដើម លុះខ្ញុំព្រះបាទអម្ចាស់ឃ្លានបាយ ឈោងយកបាយសំណុំពុំបានឡើយ ខ្ញុំព្រះបាទអម្ចាស់ក៏បញ្ឈរលំពែង ចុះក្បែរដើមឈើ ហើយឡើងឈើនោះសួតាមមែកនឹងយកកញ្ចប់បាយមកស្រាយហូប ខ្ញុំព្រះបាទអម្ចាស់ភ្លាត់ជើងធ្លាក់ចុះលើផ្លែលំពែងមុតធ្លុះថ្ពាល់ទាំងពីរខាង ពុំបានស្រាយបាយចេញមកហូបឡើយ ហេតុដូច្នេះ ទើបខ្ញុំព្រះបាទអម្ចាស់នេះ យល់ថាខ្លួនខ្ញុំព្រះបាទអម្ចាស់ឆោតក្រៃលែងឆោត ” ។ កាលព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ បុរសទាំង ៤ នាក់ សម្ដែងសេចក្ដីឆោតរបស់អាត្មាទីទៃ ៗ ដូច្នេះហើយ ព្រះអង្គមានព្រះបន្ទូលថា “ព្រះស្ដែងឆោតទាំង ៣ នាក់ ឥតបន្ទាល់សាក្សីអ្វីជាប្រាកដឡើយ, ឯព្រះស្ដែងឆោតដែលត្រូវលំពែងធ្លុះថ្ពាល់នោះ ឃើញថាជាក់ប្រាកដគ្រាន់បើ ” ហើយទ្រង់បង្គាប់ឲ្យបានស្ត្រីនោះជាប្រពន្ធបុរសនោះឯង ។ ព្រះមហាក្សត្រព្រះអង្គកាត់សេចក្ដីដូច្នេះ ហៅថា សុគតិគមនំហោង ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)