ភ្នំពេញ៖កម្លាំងអាវុធហត្ថជំនាញនៃការិយាល័យស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ រួមសហការជាមួយ អាវុធហត្ថខណ្ឌជ្រោយចង្វារ ដូនពេញ និង ចំការមន កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ខ្លួនចោរមានល្បិចខ្ពស់ ដែលបន្លំធ្វើជាបុគ្គលិកផ្ទះសំណាក់ «មហារុងរឿង» ចូលយកសោរថយន្ដពីភ្ញៀវ ហើយបើករថយន្តយកទៅបាត់ នៅកោះពេជ្រ ។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថា ជនសង្ស័យមានល្បិចខ្ពស់ណាស់ ដោយបានបន្លំធ្វើដូចជាបុគ្គលិកផ្ទះសំណាក់ជួយលើកអីវ៉ាន់ដាក់ចូលបន្ទប់ ហើយបានសុំសោរថយន្ត ពីភ្ញៀវដោយប្រាប់ថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ។
បន្ទាប់មក ក៏បំភ័ន្តខាងម្ចាស់ផ្ទះសំណាក់ ធ្វើដូចជាសាច់ញាតិម្ចាស់រថយន្ត ហើយក៏លួចយករថយន្តជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដងទៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
រថយន្តដែលជនសង្ស័យបន្លំលួចទៅបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 របស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ ។
ពេលនេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យនិងរថយន្តជនរងគ្រោះ អោយអាវុធហត្ថខេត្តតាកែវចាត់ចែងបន្តតាមនីតិវិធី ៕ ដោយ៖ ចេស្តា