ព័ត៌មានទាន់ហេតុការណ៍៖

ការបង្ហោះ Live រឿងចាស់ៗ ប្រការនេះបានធ្វើឲ្យមានភាពរំខាន ចលាចល ច្របូកច្របល់ និងអសន្តិសុខសង្គមគួរឲ្យព្រួយបារម្ភ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ ថ្មីៗនេះ  ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញ មានគណនីហ្វេសប៊ុក និង គេហទំព័រហ្វេសប៊ុកមួយចំនួន បាននឹងកំពុងធ្វើការផ្សព្វផ្សាយផ្ទាល់ (live) នូវឃ្លីបវីដេអូអំពីព្រឹត្តិការណ៍ផ្សេងៗ  ដែលរឿងរ៉ាវ និងសកម្មភាពទាំងនោះសុទ្ធសឹងជាព្រឹត្តិការណ៍ចាស់ៗ កន្លងហួសទៅហើយ ដូចជាករណីអគ្គិភ័យឆាបឆេះជាដើម ក្នុងចេតនាបំភាន់មហាជនដើម្បីទាញយកផលចំណេញ ឲ្យមានចំនួនអ្នកចូលមើល ចំនួនLikes និង Shares ច្រើនលើគណនី និងផេករបស់ខ្លួន ដែលប្រការនេះបានធ្វើឲ្យមានភាពរំខាន ចលាចល ច្របូកច្របល់ និងអសន្តិសុខសង្គមគួរឲ្យព្រួយបារម្ភ។ 

ដើម្បីទប់ស្តាត់នូវការចែករំលែកព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម សូមបងប្អូនប្រជាពលរដ្ឋ  មេត្តាធ្វើការពិនិត្យលើកាលបរិច្ឆេទ​ ប្រភព ខ្លឹមសារ ពិចារណាឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងជឿជាក់ ឬធ្វើការចែករំលែក (Share) បន្ត។ បើសិនដឹងថាជាព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម សូមចូលរួម Report post នោះទៅកាន់ក្រុមហ៊ុន  Facebook ផ្ទាល់ដើម្បីលុបចោល ឬបិទគណនីនោះតែម្តង។ 

ជាមួយគ្នានេះដែរ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យាសូមឲ្យម្ចាស់គណនី  ឬម្ចាស់គេហទំព័រដែលកំពុងប្រព្រឹត្តិនូវទង្វើដូចរៀបរាប់ខាងលើនេះ ត្រូវបញ្ឈប់នូវសកម្មភាពជាបន្ទាន់ដើម្បីជៀសវាងរងទោសទណ្ឌនានា តាមច្បាប់​ជា​ធរមាន​៕

ដោយ៖ សិលា


ចែករំលែក៖