ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាតុករថៃទាមទារបញ្ជូនលិខិតទៅកាន់ព្រះមហាក្សត្រ

ចែករំលែក៖

ប្រទេសថៃ៖ក្រុមបាតុករ​រាប់ពាន់នាក់នៅទីក្រុងបាងកកប្រទេសថៃបានបង្ហែរក្បួនបាតុកម្មនៅថ្ងៃទី​២០ខែកញ្ញា ដោយក្រុមបាតុករបានលើកឡើងថា ពួកគាត់នឹងបញ្ជូនលិខិតទៅថ្វាយព្រះមហាក្សត្រ​នូវសំណើរបស់ពួកគាត់។
ក្រុមបាតុករបានលើកឡើងថា ពួកគាត់​ចង់ទូលថ្វាយស្នើព្រះមហាក្សត្រដកតំណែងអតីតមេទ័ព និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ លោក ប្រាយុទ្ធ ចាន់អូចា។ ក្រុមបាតុករបានស្នើកែទម្រង់រដ្ឋធម្មនុញ្ញ និងបន្ថយអំណាចក្នុងរាជវង្ស។
ក្រុមបាតុករភាគច្រើនគឺជាយុវជន​ ដោយពួកគាត់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅជាតំណាងឲ្យក្រុមប្រជាធិបតេយ្យ ហើយលើកម្រាមដៃ​៣ជាសញ្ញា ដោយច្រៀងចម្រៀងជាតិ។ មេដឹកនាំក្រុមបាតុករ លោក Parit “Penguin” Chiwarak បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន​ថា កន្លងមកបានដង្ហែក្បួនទៅកាន់ទីតាំងរដ្ឋាភិបាល​ ប៉ុន្តែពេលនេះគឺដង្ហែលិខិតសរសេរដោយដៃផ្ញើទៅកាន់​គណៈកម្មការសម្ងាត់របស់ព្រះមហាក្សត្រ Maha Vajiralongkorn។
មកទល់ពេលនេះ រាជវាំងថៃមិនទាន់មានប្រតិកម្មអ្វីជុំវិញ​ហេតុការណ៍ខាងលើនៅឡើយទេ។ នៅរសៀលថ្ងៃទី​១៩ ខែកញ្ញា ក្រុមបាតុករបានដង្ហែក្បួនពីមហាវិទ្យាល័យ Thammasat ទៅកាន់​ Sanam Luang គឺជាទីលានវាលស្រែរបស់ព្រះមហាក្សត្រ​ក្នុងទីក្រុងបាងកក បើទោះបីមានភ្លៀងធ្លាក់ខ្លាំងក្តី។ កម្លាំងប៉ូលិសជាច្រើនបានបញ្ជូនទៅការពារនៅតំបន់ខាងលើ។
កម្លាំងប៉ូលិសបានហាមក្រុមបាតុករ ចូលទៅជិតដីរបស់ព្រះមហាក្សត្រ ដោយឱ្យនៅចម្ងាយ​១៥០ម៉ែត្រ​។ តាមការលើកឡើងរបស់មេដឹកនាំក្រុមបាតុករបានបញ្ជាក់ថា មានមនុស្សប្រមាណជា១សែននាក់​ចូលរួម​ធ្វើបាតុកម្មភាគច្រើនជាយុវវ័យ សិស្សនិស្សិត៕ដោយ៖ធី រីណា


ចែករំលែក៖