អន្តរជាតិ៖ ដើម្បីទប់ស្កាត់វិបត្តិមនុស្សជាតិក្នុងសតវត្សរ៍ទី២១ ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ បានព្រមានពីការផ្ទុះឡើងនៃភាពស្រេកឃ្លានរបស់ប្រជាជនពិភពលោករាប់រយលាននាក់ ដែលបណ្តាលមកពីជម្លោះរ៉ាំរ៉ៃនិងវិបត្តិជំងឺឆ្លង Covid-19។ មិនតែប៉ុណ្ណោះភ្នាក់ងារជំនាញUN ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ចូលរួមចំណែកទទួលខុសត្រូវផងដែរ ។
ជាក់ស្តែង កាលពីថ្ងៃ១៧ កញ្ញាកន្លងទៅ លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP) តាមរយៈវេទិការបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្លែងសាទរពីការចូលរួមរបស់ម្ចាស់ជំនួយ និងមេដឹកនាំពិភពលោកទាំងតូចនិងធំ ក្នុងការផ្តល់ថវិកាដើម្បីសង្គ្រោះអាយុជីវិតប្រជាជនពិភពលោកដែលកំពុងតែជួបការលំបាក។
លោក David Beasley នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ WFP លោកបានអះអាងថា៖ការចូលរួមចំណែករបស់ម្ចាស់ជំនួយ និងមេដឹកនាំពិភពលោក ក៏ដូចជាស្ថាប័នផ្តល់កម្ចីធំៗរបស់ពិភពលោក ដែលបានពន្យារពេលការសងបំណុលសម្រាប់ប្រទេសក្រីក្រពិតជាបានជួយសម្រួលដល់ផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងតែជាប់ផុងនឹងវិបត្តិ និងមានប្រជាជនប្រឈមភាពស្រេកឃ្លាន។
លោកនាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានបញ្ជាក់ថា រយៈពេលប្រាំមួយខែដើមឆ្នាំមកនេះ ភ្នាក់ងាររបស់កម្មវិធីចំណីអាហារពិភពលោក បានយកជំនួយទៅដល់ប្រជាជនដែលប្រឈមនឹងភាពទីទ័លក្រប្រមាណ ៨៥ លាននាក់មកហើយ ខណៈគោលដៅរបស់ក្រុមភ្នាក់ងារ គ្រោងឲ្យបានដល់ប្រជាជនសរុបប្រមាណ ១៣៨ លាននាក់។ សម្រាប់ប្រមុខ WFP រូបនេះ ទាំងជំនួយ និងគោលដៅដែលបានសម្រេចក្នុងឆ្នាំនេះ គឺជាតួលេខប្រវត្តិសាស្ត្រហើយរបស់WFP។
នាយកប្រតិបត្តិរូបនេះ ក៏បានគូសបញ្ជាក់ថា បញ្ហានេះ ក៏មិនទាន់ទៅណាឆ្ងាយនៅឡើយនោះទេ។ លោក ទទួលស្គាល់ពីថវិកាបម្រុងគ្រប់គ្រាន់ក្នុងឆ្នាំ២០២០នេះ ក៏ប៉ុន្តែលោក ថាសម្រាប់ឆ្នាំ២០២១ អាចនឹងក្លាយជាឆ្នាំល្អប្រសើរ ឬមហន្តរាយ អាស្រ័យលើជំនួយ និងការគាំពាររបស់សហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា ខណៈដែលប្រទេសជាច្រើនជាពិសេសនោះប្រទេសក្រីក្រ កំពុងរងការគំរាមកំហែងពីវិបត្តិ Covid-19លោក បានទទូចឲ្យសហគមន៍អន្តរជាតិ កុំទាន់អាលដើរចេញពីការប្តេជ្ញាចិត្តក្នុងកិច្ចការជំនួយមនុស្សធម៌ហើយក៏កុំបែរខ្នងដាក់ប្រជាជនដែលកំពុងស្រេកឃ្លានដែលលោក ព្យាករថាអាចនឹងមានរហូតដល់ជាង ២៧០ លាននាក់៕ដោយ៖ស តារា