ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣-២៩ខែកញ្ញា ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ តំបន់វាលទំនាបកណ្តាល បើសមុទ្រភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបានព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០។
ការផ្សាយរបស់ក្រសួងបានបញ្ជាក់ថា៖ តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី ២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេស បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ។ ដោយឡែក ប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា៕
ដោយ៖សុខ ខេមរា