ភ្នំពេញ៖ ក្នុងជំនួប រវាង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី ដែលល្បីល្បាញខាងអភិវឌ្ឍន៍វិស័យទេសចរណ៍នោះ។ លោក ថោង ខុន បានលើកឡើងពីសក្ដានុពលដ៏សម្បូរបែប ដែលអំណោយផលដល់ការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគឺវិស័យអេកូទេសចរណ៍ កសិទេសចរណ៍ និងជាទេសចរណ៍ជនបទ។ ជំនួបពិភាក្សាជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី (Yamato Green Co.,Ltd) នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ បានជម្រាបជូន លោករដ្ឋមន្ត្រីទេសចរណ៍ថា គោលបំណងរបស់ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ក្នុងជំនួបពិភាក្សាជាមួយក្រសួងទេសចរណ៍នេះ គឺដើម្បីស្នើសុំកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង (Green Belt) នៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។
លោកអគ្គនាយកបានលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍន៍ខ្សែក្រវាត់បៃតង ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ខាងលើ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន នឹងធ្វើឱ្យផលិតផលកសិកម្មរបស់កម្ពុជាក្លាយទៅជា «កសិទេសចរណ៍» ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាពនិងបើកទូលាយ ឲ្យ ភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ។
ក្នុងជំនួបនោះដែរលោក រដ្ឋមន្ត្រី បាន សម្តែងនូវការរីករាយពេញចិត្តយ៉ាងខ្លាំង និងការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។
លោក ថោង ខុន បានជម្រាបជូន លោក ណាបិស្ស៉ីម៉ា និងគណៈប្រតិភូថា កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ជាពិសេសលើវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ដូចជា អេកូទេសចរណ៍ , កសិទេសចរណ៍ និង ទេសចរណ៍ជនបទជាដើម។
លោករដ្ឋមន្ត្រីបន្តថា ប្រសិនបើនិយាយអំពីការអភិវឌ្ឍលើវិស័យទេសចរណ៍ទាំង ៣ ប្រភេទខាងលើនេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ ពិតជាអំណោយផលច្រើនបំផុតសម្រាប់ការវិនិយោគលើវិស័យនេះ ពិសេសការកសាងខ្សែក្រវាត់បៃតង ។
លោករដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តទាំងនេះ បន្ទាប់ពីបានវិនិយោគនៅបាត់ដំបង និងខេត្តមណ្ឌលគីរី។ ម្យ៉ាងទៀត ក្រុមហ៊ុនគប្បីកសាងឱ្យបានគំរូមួយក្នុងខេត្តនីមួយៗមុននឹងពង្រីកទៅខេត្តដទៃ។
លោកបន្ថែមថា ក្នុងបរិបទកូវីដ-១៩នេះ វិស័យអេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ កំពុងត្រូវបានសកលលោកយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំង។
នាឱកាសលោក ថោង ខុន និងលោក ណាបិស្ស៉ីម៉ា បានឯកភាពគ្នាថានឹងរៀបចំឱ្យ មានអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី និងរៀបចំឱ្យមានក្រុមការងាររួម មួយដើម្បីឱ្យកិច្ចសហការនេះប្រព្រឹត្តទៅប្រកបដោយភាពរលូនជោគជ័យ នាំផលចំណេញដល់ប្រជាជនកម្ពុជាផង និងដល់ក្រុមហ៊ុនដែលខំចំណាយទុនវិនិយោគផង៕
ដោយ៖សូរិយា