ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តរេចង្កូតទៅបុករថយន្តក្រុងដាច់កង់ម្ខាង ម៉ូតូមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់បុកបន្តកន្ទុយថែម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តហាយឡេនឌ័ររេចង្កូតចូលទៅចំណែកផ្លូវម្ខាងជ្រុលទៅបុករថយន្តក្រុងដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យដាច់កង់មុខម្ខាង ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀតបេីកបរលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡេនឌ័របន្ថែមទៀតបណ្តាលឲ្យបោកផ្ទប់និឹងកញ្ចក់ខាងក្រោយ តែ ជាសំណាងល្អដែរដែលគ្រាន់តែមានមនុស្សម្នាក់រងរបួសស្រាល ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវផ្សារតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តហាយឡេន ឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1788 បើកពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតចូលទៅចំណែកផ្លូវម្ខាងទៀតជ្រុលទៅបុកពីចំហៀងរថយន្តក្រុង ម៉ាកISUZU ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ37 -0203 ដែលបើកបរបញ្ច្រាសទិសបណ្តាលឲ្យរថយន្តហាយឡេនឌ័រដាច់កង់មុខខាងឆ្វេងក្រាបដល់ដី ហើយស្របពេលដែលរថយន្តទាំង២គ្រឿងកំពុងជួបបញ្ហានោះ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-4340 បើកល្បឿនលឿនពីត្បូងទៅជើងវាក់អឺជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡេនឌ័រ បណ្តាលឲ្យបែកកញ្ចក់ក្រោយខ្ទេច ហើយអ្នកបើកបរម៉ូតូរងរបួសក្បាលស្រាល ។

បើតាមសម្តីអ្នកបើកបររថយន្តក្រុង បានឲ្យដឹងថា ខណៈដែលគាត់កំពុងបើកបរ ស្រាប់តែឃើញរថយន្តហាយឡេនឌ័រ បើករេចូលមកគន្លងផ្លូវរបស់គាត់ ទោះជាសុីផ្លេហើយក៏តែនៅបើកចូលទៀត ។

តែបើតាមសម្តីអ្នកបើកបររថយន្តហាយឡេនឌ័រវិញ បានឲ្យដឹងថា គាត់មិនបានស្រវឹងស្រាដូចដែលគេសង្ស័យនៅកន្លែងកើតហេតុឡើយ មកពីរថយន្តរបស់គាត់មានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ទើបរេចូលគន្លងផ្លូវម្ខាងទៀត ។

ក្រោយកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នគរបាលមូលដ្ឋានចុះពិនិត្យសម្រួលចរាចរណ៍រួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋានរាជធានូភ្នំពេញ វាស់វែង យកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយពេលក្រោយ ៕

ដោយ​ ៖ សុខាសែនជ័យ​


ចែករំលែក៖