ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួប លោក PABLO KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត ដើម្បីទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន។
នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលតែងតែបានចូលរួមចំណែកស្ទើរគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា តាមរយៈជំនួយក្នុងវិស័យសុខាភិបាល វិស័យកសិកម្ម ជាអាទិ៍ និងការផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តនាពេលកន្លងមក ដូចជាច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាដើម។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ អាជីវកម្មលើកុមារ និងឧក្រិដ្ឋកម្មឆ្លងដែន ហើយលោកក៏បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត។
ជាចុងក្រោយ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការកសាងក្របខ័ណ្ឌគតិយុត្ត ការបង្រ្កាបបទល្មើស និងវិស័យអាទិភាពមួយចំនួនទៀត៕
ដោយ៖ សិលា