អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហមបាននិយាយថារូបគេបានបំពេញក្តីសុបិនមួយបន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមបិសាចក្រហម។
Henderson បានចាប់ផ្តើមជំនួសកន្លែងរបស់អ្នកចាំទីលេខមួយពីDavid de Gea និងរក្សាបានមិនឲ្យគូប្រកួតស៊ុតចូលទី (Clean Sheet) ខណៈដែលក្រុមបិសាចក្រហម Manchester United បានយកឈ្នះ LutonTown ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួត EFL Cup ជុំទី៣ កាលពីថ្ងៃអង្គារកន្លងទៅ។
បន្ទាប់ពីចូលរួមក្នុងក្លិបក្នុងលក្ខខណ្ឌខ្ចីជើងនៅ Sheffield United កាលពីរដូវកាលមុន Henderson បានវិលត្រឡប់ទៅទឹកដី Old Trafford វិញហើយបានចុះកុងត្រារយៈពេល៥ឆ្នាំកាលពីខែមុន។
កីឡាករវ័យ២៣ឆ្នាំដែលចេញពីក្រុមយុវជនក្លិបរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅឯក្រុមជើងឯក Championship ដោយជួយរារាំងបាល់មិនឲ្យកីឡាករ Tom Lockyerរបស់ក្រុម Luton Town ស៊ុតបាល់ពីចម្ងាយនៅជិតបញ្ចប់ការប្រកួត មុនពេលកីឡាករ Marcus Rashford និង Mason Greenwood បានទទួលជ័យជម្នះ បន្ទាប់ពីកីឡាករ Juan Mata ស៊ុតបាល់ពិន័យ១១ម៉ែតរនៅតង់ទី១ ធ្វើឲ្យក្រុមបិសាចក្រហមយកឈ្នះ ៣ទល់០។
អ្នកចាំទី Dean Henderson បានសរសេរតាមរយៈបណ្តាញសង្គម Twitter ថា “ខ្ញុំសុបិនអំពីរឿងនេះពេញមួយជីវិតរបស់ខ្ញុំ! អារម្មណ៍មិនគួរឱ្យជឿក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបដែលខ្ញុំស្រឡាញ់ ខ្ញុំមានក្តីសុបិន និងសង្ឃឹមថាក្លិបនឹងល្អបំផុតសម្រាប់រដូវកាលនេះ”។
ក្រុមបិសាចក្រហមរបស់លោក Ole Gunnar Solskjaer នឹងធ្វើដំណើរទៅទឹកដី Brighton នៅថ្ងៃសៅរ៍ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣រដូវកាលថ្មីនេះ ៕
ដោយ៖ភារៈ