ភ្នំពេញ៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងក្រោយជំនួបនោះថា៖ លោក អាណាតូលី បូរ៉ូវីក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ប្រធានាធិបតីរុស្ស៉ី លោក វ្លាឌីមៀ ពូទីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន។ លោក បូរ៉ូវីក ក៏បានលើកឡើងពីទំនាក់ទំនង រវាងកម្ពុជា-រុស្សីដែលជាទំនាក់ ទំនងដ៏ល្អ ដែលមានលក្ខណៈជាដៃគូ ជាយូរអង្វែងមកហើយ។ លោកបន្តថាទំនាក់ទំនង រវាងប្រទេសទាំងពីរមានរយៈពេល៦៤ឆ្នាំមកហើយ ហើយឆ្នាំក្រោយគឺជាខួបលើកទី៦៥ នៃប្រទេសទាំងពីរ លោកនឹងប្រឹងប្រែងធ្វើសកម្មភាពឱ្យបានច្រើន ដើម្បីចូលរួមអបអរនូវទំនាក់ទំនងការទូតខួបទី៦៥ រវាងកម្ពុជានិងរុស្ស៉ី ជាមួយគ្នានោះដែរ លោកក៏នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងដែលមានស្រាប់នេះ ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។
លោក អ៊ាង សុផល្លែតថ្លែងថា៖ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovic) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
ជាការឆ្លើយតបសម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះ លោក អាណាតូលី បូរ៉ូវិក (Anatoly BOROVIK) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា។
សម្ដេចបានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពី លោក វ្លាឌីមៀ ពូទីន និងការជូនសព្វសាធុការពរជូនសម្ដេច។ សម្ដេចតេជោ បានយល់ស្របជាមួយនឹងអ្វីដែល លោក បូរ៉ូវិក បានលើកឡើង ស្ដីអំពីទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៉ី។ សម្ដេចបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលរុស្ស៉ី ក៏ដូចជាប្រជាជនរុស្ស៉ីដែរ ដែលបានជួយកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍៨០ ដែលកម្ពុជានៅពេលនោះ កំពុងជួបនូវការពិបាកយ៉ាងច្រើន បន្ទាប់ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត៕
ដោយ៖ សិលា