ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៖ រដ្ឋធម្មនុញ្ញជាដំបូលនីតិរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា៖ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាខួប ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាសប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយសភាធម្មនុញ្ញនៅឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះជាមូលដ្ឋានគ្រឹះ នៃស្ថិរភាពរបបនយោបាយ ក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមកដល់បច្ចុប្បន្ននេះ មានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព វិបុលភាព និងវឌ្ឍនភាព។

សម្តេចថ្លែងបន្តថា៖ ក្នុងរយៈពេល ២៧ឆ្នាំ កន្លងមកនេះ រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់ សរុបបានចំនួន ៥៧៥ច្បាប់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ទៀតថា៖ ក្នុងន័យនេះ ចូរយើងរួមគ្នាបន្តគោរព ការពារនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋ ជាកោះសន្តិភាព មានការអភិវឌ្ឍ និងរុងរឿងរហូតតទៅ៕

ដោយ៖ សិលា


ចែករំលែក៖