ព័ត៌មានទាន់ហេតុការណ៍៖

២៤កញ្ញា ជាខួបអនុស្សាវរីយ៍លើក​ទី​ ២៧ឆ្នាំ ​ព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជ្យសម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពពី Royal du Cambodge បានបញ្ជាក់ឱ្យដឹងថា៖ ខួបអនុស្សាវរីយ៍លើក​ទី​ ២៧ឆ្នាំ ​ព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជ្យសម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទិវាប្រកាសឲ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា៖ កាលពី ២៧ឆ្នាំមុនពោលគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅព្រះរាជាណាចក្រកម្ពុជា មានមហាព្រត្តឹការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់ចំនួន ២ធំៗបានកើតឡើងគឺព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជ្យសម្បត្តិគ្រាទី២ នៃព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានព្រះអង្គមានព្រះបរមនាមក្នុងព្រះបរមសិរីរាជ្យសម្បត្តិថា ”ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ទិវាប្រកាសឲ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះរាជហស្តលេខាដោយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមឋានៈជា ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរម្លឹកពីថ្ងៃវិសេសវិសាលនេះ គឺ២៤ កញ្ញា​ ១៩៩៣ — ២៤ កញ្ញា​ ២០២០​ សូម​ថ្វាយ​ព្រះ​រាជ​កុសលថ្វាយ​ ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា ព្រះ​បរម​រតនកោដ្ឋ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម​ទ្រង់ស្តេចយាង​បដិសន្ធិ​ ក្នុង​ព្រះ​បរម​សុគតិភព​ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖