ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមមួយក្រុមការងារបចេ្ចកទេសនៃក្រសួងសុខាភិបាល បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់អគារមន្ទីរពិសោធន៍តំបន់ធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ឥឡូវនេះរដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាចំនួន៣០ម៉ឺនដុល្លាអាម៉េរិកសម្រាប់សាងសង់អគារមន្ទីពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ថ្មីមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបែបនេះក្នុងដំណើរចុះមើលការងារ ខណៈ បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩រួចហើយ ប៉ុន្តែខ្នាតតូចនិងធ្វើតេស្តបានតិច។ មន្ទីរពិសោធន៍ថ្មីនេះ អាចធ្វើតេស្ដរកមេរោគកូវីដ-១៩ បានលឿន និងច្រើននាក់ក្នុងមួយថ្ងៃៗ។ ក្រសួងបានត្រៀមបំពាក់នូវម៉ាស៊ីនពិសោធន៍PRCឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរកមេរោគនៃជំងឺឆ្លងផ្សេងៗទៀត។
លោកបន្តថា៖ ក្រៅពីគម្រោងសាងសង់អគារមន្ទីពិសោធន៍ថ្មីនៅខេត្តសៀមរាបនេះក្រសួងសុខាភិបាលក៏គ្រោងសាងសង់អគារមន្ទីរពិសោធន៍ថ្នាក់តំបន់ចំនួនពីរទៀត គឺស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលទីតាំងសម្រាប់គម្រោងសាងសង់មន្ទីរពិសោធន៍តំបន់ទាំង០៣នេះ លោករដ្ឋមន្ត្រីបានចុះទៅពិនិត្យមើលរួចរាល់ហើយដែរ។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នក្នុងការការពារឆ្លងមេរោគកូវិដ១៩ឱ្យបានខ្ពស់ បើទោះបច្ចុប្បន្ននេះ ស្ថានភាពកូវិដ១៩នៅកម្ពុជាមានការធូស្រាលជាងមុនក៏ដោយ ក៏ប៉ុន្តែសម្រាប់ប្រទេសនៅជិតខាងយើងនៅតែមានអ្នកឆ្លងច្រើន ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕
ដោយ៖សិលា