ខេត្តស្វាយរៀង៖ ជនសង្ស័យឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលអង្គតាសូ បច្ចុប្បន្នរស់នៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដោយកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ តែមិនបានសម្រេច ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។
សូមបញ្ជាក់ថា៖ ឪពុកម្តាយក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលអង្គតាសូ បច្ចុប្បន្នរស់នៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពីបទ «រំលោភសេពសន្ថវៈតែមិនបានសម្រេច» ដែលពេលនេះ កំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ។
ក្រុមគ្រួសារជនរងគ្រោះ ថ្លែងប្រាប់ សារព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ពួកគាត់កំពុងរងការឈឺចាប់យ៉ាងខ្លាំង ដែលប៉ូលិសរូបនេះ បាន«រំលោភសេពសន្ថវៈតែមិនបានសម្រេច»លើកូនស្រីអាយុ១៥ឆ្នាំ ហើយកំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ទោះបីពួកគាត់បានដាក់ពាក្យបណ្តឹងរួចក៏ដោយក្តី ។
គ្រួសារជនរងគ្រោះ អះអាងថា រឿងនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
រឿងនេះ ដំបូងគឺខាងប៉ូលិសប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានហៅពួកគាត់ទៅជួបនិងសុំអោយធ្វើការសម្របសម្រួលគ្នា តែពួកគាត់មិនព្រមទេ ដោយសារទង្វើរបស់ឈ្មោះ ម៉ៅ វីរៈ ហៅចំរើន ធ្វើអោយពួកគាត់មានការឈឺចាប់ខ្លាំងណាស់ ទើបសម្រេចចិត្តប្តឹងមកតុលាការ តែម្តង ។
ទោះបីយ៉ាងណា នៅពេលនេះ ក្រុមគ្រួសារជនរងគ្រោះ ទទួលបានយុត្តិធម៌ហើយ ខណៈជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី។
បញ្ហានេះ ក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថា ថ្នាក់ដឹកនាំនិងតុលាការខេត្តស្វាយរៀង មេត្តាជួយរកយុត្តិធម៌អោយពួកគាត់ សមនឹងការប្រព្រឹត្តរបស់ជនសង្ស័យជាមន្ត្រីនគរបាល។
សូមរម្លឹកថា៖ ពាក់ព័ន្ធក្នុងបទល្មើសនេះ ដំណាក់ដំបូង ក្រោយពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ហើយជាបទល្មើសជាក់ស្តែង មិនគួរណាមន្ត្រីនគរបាលយុត្តិធម៍ ហៅដើមបណ្តឹងមកសាកសួរហើយ ប្រើវិធីសម្របសម្រួលទេ ព្រោះជាបទល្មើសព្រហ្មទណ្ឌ ប្រព្រឹត្តមកលើអនីតិជន គឺត្រូវឃាត់ខ្លួនជនប្រព្រឹត្តភ្លាមៗ ។ ប៉ុន្តែករណីនេះ មានប្រតិកម្មកើតឡើង និងខាងក្រុមគ្រួសារប្តឹងដល់តុលាការទើប សមត្ថកិច្ចឃាត់ខ្លួន។ នេះកំហុសនីតិវិធី ដែលងាយរងការរិៈគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ៕
ដោយ៖សិលា