ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីដល់ក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីសម្រាប់ក្មួយៗសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម និងក្មួយៗកុមារកំព្រាកុមារនៅមណ្ឌលកុមារកំព្រាខេត្ត។ កម្មវិធីនេះ រៀបចំឡើងនៅបរិវេណវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស និងមណ្ឌលកុមារកំព្រាខេត្ត លោកគ្រូ អ្នកគ្រូ ម្ដាយចិញ្ចឹម ក្មួយៗកុមារកំព្រា កុមារពិការភ្នែក និងកុមារគថ្លង់ ចំនួន ២២៨នាក់។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចការសម្ដេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះចៅៗ ជាកុមារពិការភ្នែក កុមារគថ្លង់ និងកុមារកំព្រា។ លោកបានណែនាំដល់ដល់កូន ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដោយត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីអនាគតរបស់ក្មួយៗបើទោះបីជាក្មួយៗមានបញ្ហា ក៏មិនត្រូវអស់សង្ឃឹមត្រូវតស៊ូជំនះរាល់ឧបសគ្គ។ ក្មួយៗ ត្រូវខិតខំរៀនសូត្រ បង្កើនសមត្ថភាពជំនាញ ដើម្បីជាការតបស្នងសងគុណដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ជួយទំនុបបំរុង និងជួយជ្រោមជ្រែងដល់ក្មួយៗនៅទីនេះ។ ក្មួយៗទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភ័ក្រ្ត ឬនរណាម្នាក់ អូសទាញឲ្យប្រើប្រាស់គ្រឿងញៀន ត្រូវធ្វើការរាយការណ៍ដល់លោកគ្រូ អ្នកគ្រូភ្លាម។
លោកបានធ្វើការណែនាំដល់គណៈគ្រប់គ្រងសាលា ឱ្យបន្តអនុវត្តនូវវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី១៩ និងណែនាំឱ្យក្មួយៗត្រូវថែទាំសុខភាព ដោយត្រូវអនុវត្តនូវវិធានការអនាម័យ និងវិធានការនានាតាមការណែនាំដល់របស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យឆ្លងនៅជំងឺផ្សេងៗ។

គួរបញ្ជាក់ថា៖ វិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សានុសិស្សសរុប ១៧១នាក់ ស្រី ៧៣នាក់ ក្នុងនោះសិស្សពិការភ្នែកចំនួន ៥៩នាក់ ស្រី ២៦នាក់សិស្សគថ្លង់ចំនួន ១១៣នាក់ ស្រី ៤៧នាក់ និងបុគ្គលិកសរុបមានចំនួន ៣៥នាក់ ស្រី ១៣នាក់។ សម្រាប់មណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារចំនួន ៧៣នាក់ ស្រី៣១នាក់ជាក់ស្តែង កុមារស្នាក់នៅក្នុងមណ្ឌលមានចំនួន ៥៧នាក់ ស្រី ២៣នាក់ កុមារចេញទៅរៀនជំនាញខាងក្រៅ ចំនួន ១៦នាក់ ស្រី ០៨នាក់ (រៀនអគ្គីសនីដុនបូស្តូ ០៥នាក់ប្រុស រៀនជាងឡាន ០២នាក់ប្រុស រៀនផ្នែកលេខាធិការ ០៦នាក់ ស្រី ០៥នាក់ រៀនធ្វើម្ហូប ០៣នាក់ស្រី)៕

ដោយ៖សិលា


ចែករំលែក៖