ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួននារីស្រស់ស្អាតនិងបុរសជាបុគ្គលិកកាស៊ីណូម្នាក់ករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីស្រស់ស្អាតនិងបុរសជាបុគ្គលិកកាស៊ីណូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខាន់ ចរិយា ហៅស្រីស ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ នី ជីដូន  អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិករ៉ូលីង កាសុីណូម៉ុកបាយ មានទីលំនៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំងខេត្តតាកែវ។ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចឆែកឆេរដកហូតបានមាន
ឧបករណ៍សម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ប្រភពបន្តថា កម្លាំងសមត្ថកិច្ចនគរបាល ក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿង និងធ្វើការឃាត់ខ្លួនជនសង្ស័យនិងដកហូតឧបករណ៍សម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនបានមួយចំនួន។

ប្រភពបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងបាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរ និងធ្វើតេស្តទឹកមូត្រ ហើយជាលទ្ធផលបង្ហាញវិជ្ជមាន(+) មានផ្ទុកសារធាតុញៀនទាំងពីរនាក់។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យជំនាញនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖