ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៤កញ្ញា ២០២០នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោករត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ក្រុមការងារស្រុក ឃុំភូមិ និងក្រុមហ៊ុន បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំង០៣ភូមិ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ដោយមានការ គិតគូរខ្ពស់ចំពោះការធ្វើដំណើរកាត់បន្ថយគម្លាតពីទីក្រុងទៅជនបទ និង រួមចំណែកកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍផ្លូវ លំជនបទដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ បេតុងជាបណ្តើរៗ សម្រាប់ប្រើប្រាស់បានយូរអង្វែង នោះ។
លោក អ៊ុំ រាត្រី បន្តទៀតថា ជាក់ស្តែងគម្រោងផ្លូវ៣គីឡូម៉ែត្រ ដែលរដ្ឋបាល ខេត្តកំពុងដំណើរការស្ថាបនាដោយចាក់កៅស៊ូ ប្រភេទ DBST នេះ ដោយប្រើថវិកាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុង ការធ្វើចរាចរទៅមក និងដឹកកសិផលមកកាន់ទីផ្សារបានលឿនស្របទៅនឹងភាពរីកចម្រើន ប្រទេសជាតិនោះ។
គួរជម្រាបថា គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូDBST មានប្រវែង ៣០០០ ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិសំរោង ភូមផាស៊ីស្រា និងភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើរ ប្រជាពលរដ្ឋ ប្តូរពីផ្លូវគ្រួសក្រហម មកក្រាលកៅស៊ូ ជាគម្រោងថវិកាអភិវឌ្ឍន៍ឆ្នាំ២០២០ ។
លោកអភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា អាជ្ញាធរខេត្តតែងតែបានយកចិត្តទុក ដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំសង្កាត់ភូមិដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាមលទ្ធភាពថវិកា ដែលយើងមាន និងមួយចំណែកក៏បានមកពីទុនចូលរួមរបស់ប្រជាពលរដ្ឋ និង សប្បុរជនរួមគ្នាកសាង។
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏បានធ្វើការជំរុញឱ្យ មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក ដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនោះនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ សិលា