ព័ត៌មានទាន់ហេតុការណ៍៖

សកម្មជនចលនាអូឡាំពិកនៅកម្ពុជា ត្រូវបាន WOA ផ្ដល់សញ្ញាបត្រទទួលស្គាល់ជាសមាជិក និងជាបុគ្គលឆ្នើម

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាសកម្មជនចលនាអូឡាំពិកដ៏សកម្មនៅកម្ពុជា ត្រូវបានសមាគមអត្តពលិកអូឡាំពិកពិភពលោក World Olympians Association (WOA) នៃគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ផ្ដល់សញ្ញាបត្រតែងតាំងជាសមាជិក និងទទួលស្គាល់លោកជាសកម្មជនឆ្នើម ក្នុងការធ្វើសកម្មភាពជួយដល់គុណតម្លៃអូឡាំពិក តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ន។

ក្នុងសញ្ញាបត្រចេញដោយ World Olympians Association បានទទួលស្គាល់ ចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់លោក​ វ៉ាត់ ចំរើន ក្នុងចលនាអូឡាំពិក តាំងពីលោកនៅជាកីឡាករ រហូតលោកក្លាយជាថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិក លោកនៅតែបន្ដលើកកម្ពស់គុណតម្លៃអូឡាំពិក។ លោក វ៉ាត់ ចំរើន គឺជាអតីតកីឡាករចំបាប់ជម្រើសជាតិកម្ពុជា និងធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិកដំបូង កាលពីឆ្នាំ១៩៩៦ នៅ Atlanta សហរដ្ឋអាមេរិក។

លោក វ៉ាត់ ចំរើន បានក្លាយសកម្មជនចលនាអូឡាំពិកដំបូងនៅកម្ពុជា ដែលត្រូវបាន WOA តែងតាំងជាសមាជិក និងទទួលស្គាល់ជាសកម្មជនឆ្នើមក្នុងចលនាអូឡាំពិក ។ ប៉ុន្ដែមុនទទួលបានសញ្ញាបត្រដ៏មានកិត្តិយសនេះ កាលនៅជាកីឡាករ លោក ធ្លាប់បានចូលរួមការប្រកួតអន្ដរជាតិជាច្រើន ពោលគឺតាំងពីមុនឆ្នាំ១៩៩៦ តែក្រោយចូលនិវត្តន៍ពីអាជីពកីឡាករ ក៏លោកបន្ដសកម្មភាពចលនាអូឡាំពិក រហូតដល់បច្ចុប្បន្នលោកគឺជាអគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ។

នេះគឺជាមោទនភាពជាតិមួយ សម្រាប់ប្រទេសកម្ពុជា និងវិស័យកីឡាជាតិទាំងមូល ដែលមានសកម្មជនឆ្នើមរបស់សមាគមអត្តពលិកអូឡាំពិកពិភពលោក ក្នុងចលនាកីឡានៅកម្ពុជា ហើយការណ៍នេះ គេរំពឹងថា នឹងក្លាយជាផ្នែកមួយ ជំរុញវិស័យកីឡាជាតិ ឲ្យកាន់តែមានសក្ដានុពលលើឆាកអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕

ប្រភព៖ ទទក


ចែករំលែក៖