អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ជប៉ុន Asahi Shimbun បានរាយការណ៍នៅថ្ងៃពុធទី ២៣ ខែកញ្ញានេះថា៖រដ្ឋាភិបាលជប៉ុន កំពុងពិចារណាក្នុងការអនុញ្ញាតឲ្យអ្នកដែលស្នាក់នៅរយៈពេលវែងឲ្យចូលមកក្នុងប្រទេសឡើងវិញ។ប៉ុន្តែចំពោះភ្ញៀវទេសចរ នៅមិនទាន់អនុញ្ញាតនោះទេ។ ខណៈដែលប្រទេសជប៉ុន កំពុងគិតគូរបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើររបស់ជនបរទេស ក្នុងស្ថានភាពជំងឺ COVID-19 នៅប្រទេសហាក់ធូរស្រាល។ ចំពោះការអនុញ្ញាតនេះ អាចនឹងចាប់ផ្ដើមនៅដើមខែក្រោយ។
សារព័ត៌មានជប៉ុន Asahi Shimbun បន្តថា ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ជប៉ុនបានអនុវត្តការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹងបំផុតនៅលើពិភពលោក។ មិនត្រឹមជនបរទេសដែលមានលិខិតអនុញ្ញាតរយៈពេលវែងឡើយ សូម្បីតែអ្នករស់នៅជាអចិន្ត្រៃយ៍ ក៏មិនអាចត្រឡប់មកក្នុងប្រទេសនេះឡើងវិញផងដែរ ប្រសិនបើគ្មានការអនុញ្ញាតជាមុននោះទេ។
ប្រភពដដែល បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាល បានបញ្ជាក់ថាជាក់ស្តែងកាលពីចុងខែកក្កដាកន្លងទៅ រដ្ឋាភិបាលតូក្យូ បានបន្ធូរបន្ថយការរឹតត្បិតមួយចំនួនលើនិស្សិត និងអ្នកជំនួញមកពី៧ប្រទេស ដោយបើកផ្លូវឲ្យពួកគេធ្វើដំណើរចូលជប៉ុនវិញបាន។ ខណៈរដ្ឋាភិបាលជប៉ុន នឹងអនុញ្ញាតឲ្យអ្នកស្នាក់នៅរយៈពេលយូរជាង ៣ ខែមាននិស្សិត និងបុគ្គលិកពេទ្យបណ្តាប្រទេសផ្សេងៗ អាចចូលទឹកដីជប៉ុនបានផងដែរ។
គួរបញ្ជាក់ថា ចំណែកសម្រាប់ផែនការថ្មី រដ្ឋាភិបាលជប៉ុន ក៏បានកំណត់ថាមានតែមនុស្ស ១០០០ នាក់ប៉ុណ្ណោះដែលអនុញ្ញាតអោយចូលក្នុងប្រទេសសម្រាប់មួយថ្ងៃ។ បើគិតរហូតមកដល់ពេលនេះ ជប៉ុន បានរក្សាការឆ្លង និងការស្លាប់របស់ខ្លួនក្នុងកម្រិតទាបបើប្រៀបធៀបជាមួយបណ្តាប្រទេសដែលរងគ្រោះខ្លាំង។ បច្ចុប្បន្នប្រទេសជប៉ុន មានករណីឆ្លងសរុប ៧៩,៩០០នាក់និងស្លាប់ ១,៥១៩ នាក់បានស្លាប់៕ដោយ៖ស តារា