ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេស​អាមេរិក ចោទ​ទីក្រុង​ប៉េកាំង​ថា៖ ញុះញង់​ឲ្យ​មានការ​តវ៉ា​ប្រកាន់ពូជសាសន៍​នៅ​អាមេរិក​

ចែករំលែក៖

អន្តរជាតិ៖ លោក ម៉ៃ ប៉ុប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានចោទទីក្រុងប៉េកាំងថា ការណ៍ដែលរដ្ឋាភិបាលចិនរិះគន់ការរើសអើងពូជសាសន៍នៅអាមេរិក គឺជាការញុះញង់ឲ្យមានការតវ៉ាកាន់តែខ្លាំងនៅអាមេរិកតែម្ដង

ជាក់ស្តែងនៅថ្ងៃទី២៣ ខែកញ្ញាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានប្រាប់សមាជិកសភានៃរដ្ឋ Wisconsin ថា៖ រដ្ឋាភិបាលចិនបានអុជអាលឲ្យមានអំពើហិង្សាពូជសាសន៍នៅអាមេរិក បន្ថែមពីនេះលោក ប៉ុប៉េអូ បានយោងលើហេតុផលថា ចិនបានរិះគន់ការរើសអើងពូជសាសន៍អាមេរិក អំឡុងពេលបាតុកម្មស្ទើរពេញទឹកដីអាមេរិកកាលពីប៉ុន្មានខែមុន

ជាមួយគ្នាលោក ប៉ុប៉េអូ នៅចំពោះមុខសមាជិកសភានាជំនួបក្នុងទីក្រុងMadison ក៏បានលើកឡើងថា បក្សកុម្មុយនីស្តចិនចង់ឲ្យប្រជាជនអាមេរិកទាមទាររកការទទួលខុសត្រូវតាមរយៈការការស្រែករិះគន់ការរើសអើងពូជសាសន៍ លោកបន្តថា ចិនចង់ញុះញង់ឲ្យមានការតវ៉ាដែលធ្លាប់មានMinneapolis Portland និង Kenosha ដែរ ទីក្រុងទាំងបីនេះសុទ្ធសឹងជួបរលកតវ៉ាពីសំណាក់ពលរដ្ឋអាមេរិកស្បែកខ្មៅដែលប្រឆាំងអំពើហិង្សារបស់ប៉ូលិសស្បែកស

បើតាមទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់សម្តីប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា៖«​វាគួរឲ្យរអើម យើងមិនអាចឲ្យរឿងនេះកើតឡើងឡើយ​»

សូមជម្រាបថា ខណៈដែលប្រទេចិន និងសហរដ្ឋអាមេរិកទាស់គ្នាលើរឿងជាច្រើន ហើយជាញឹកញាប់អាមេរិករិះគន់រដ្ឋាភិបាលចិនខ្លាំងរឿងសិទ្ធិមនុស្សនោះ វាអាចជារឿងមិនធម្មតាមួយ នៅពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិករុញកំហុសលើចិនលើការតវ៉ាក្នុងស្រុករបស់ខ្លួនជាក់ស្តែងអំឡុងពេលបាតុកម្មនេះ ប្រព័ន្ធផ្សព្វផ្សាយចិន ក៏បានរាយការណ៍មិនដាច់ពីការតវ៉ារបស់ក្រុមស្បែកខ្មៅ ដែលទំនងចង់បង្ហាញពីស្ថានភាពរើសអើងពូជសាសន៍នៅអាមេរិក ការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បានដុតបញ្ឆេះឲ្យមានការតវ៉ានៅអាមេរិក ទោះជំងឺ COVID-19 កំពុងរាតត្បាតក្ដី

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ប៉ុប៉េអូ ក៏បានលើកឡើងពីសំបុត្រមួយច្បាប់របស់ស្ថានទូតចិនផ្ញើឲ្យសមាជិកសភារដ្ឋWisconsin ដែលសរសេរថា ទីក្រុងប៉េកាំង ប្រឆាំងដាច់ខាតការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមលើសហគមន៍ជនជាតិចិននៅអាមេរិកអំឡុងពេលជំងឺCOVID-19 លិខិតនេះ ទំនងចង់សំដៅសម្ដីប្រធានាធិបតី ដូណាល់ ត្រាំដែលតែងវីរុសបង្កជំងឺ COVID-19 ថាវីរុសចិន មិនដាច់ពីមាត់

ដោយ៖សតារា


ចែករំលែក៖