ព័ត៌មានទាន់ហេតុការណ៍៖

ស្របពេល​នយោបាយ​ប្រទេសថៃ ហ៊ុមព័ទ្ធ​ដោយ​ការធ្វើបាតុកម្ម​ មេទ័ព​ជើងគោក​ថៃ​ថ្មី សន្យា​ស្តារ​សន្តិភាព​ក្នុងសង្គម

ចែករំលែក៖

អន្តរជាតិ៖ ក្រោយចូលកាន់មុខតំណែងជាមេបញ្ជាការកងទ័ពជើងគោកថៃថ្មីថ្មោង ត្តសេនីយ៍ Narongphan Jitkaewtae បានប្ដេជ្ញា ស្តារសន្តិភាពក្នុងសង្គម គាំទ្រការអភិវឌ្ឍប្រទេស និងស្មោះត្រង់ ការពារមហាក្សត្រ ការប្ដេជ្ញារបស់មេបញ្ជាកាកងទ័ពជើងគោកថ្មីរូបនេះធ្វើឡើងចំពេលដែលប្រទេសថៃកំពុងរួមរឹតដោយប្រជាជនធ្វើបាតុកម្មអស់រយៈពេលខែដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីចុះពីតំណែង និងកែទម្រង់របបរាជានិយម

បើតាមកាសែតថៃបាងកកប៉ុស្តិ៍ បាននិយាយថា ត្តសេនីយ៍ផ្កាយបួនNarongphan Jitkaewtae នឹងធ្វើជាមេបញ្ជាការកងទ័ពជើងគោកថៃជំនួសត្តសេនីយ៍ Apirat Kongsompong ដែលនឹងចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ កម្មវិធីពិធីលាលែងពីតំណែង ត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ ត្តសេនីយ៍ Narongphan សើរមេទ័ពដែលចូលនិវត្តចំពោះការចំណាយពេលវេលា និងកម្លាំងក្នុងការការពារអធិបតេយ្យជាតិ និងផលប្រយោជន៍សាធារណៈ ក៏ដូចជារក្សាច្បាប់ និងសណ្តាប់ធ្នាប់

​​កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា មេបញ្ជាការកងទ័ពជើងគោកថ្មីរូបនេះក៏បានប្ដេជ្ញាបំពេញការងារឲ្យបានល្អផងដែរ ដោយលោកត្តសេនីយ៍Narongphan បានប្រកាសថា« ស្មោះស្ម័គ្រការពារព្រះមហាក្សត្រ និងគាំទ្ររដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជាតិ និងធ្វើការដើម្បីឲ្យប្រទេសឈានទៅមុខ​»​ ប៉ុន្ដែការលើកឡើងរបស់លោក Narongphan ធ្វើឡើងស្របពេលដែលនយោបាយថៃកំពុងរង្គោះរង្គើដោយសារបាតុកម្មអស់រយៈពេលជិតខែមកហើយ

ដោយឡែកក្រុមបាតុករថៃ ក៏បាននិយាយរិះគន់រដ្ឋាភិបាលថៃ និងទាមទារឲ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ បញ្ឈប់ការបំពានលើអ្នកប្រឆាំងព្រមទាំងកែទម្រង់រាជានិយមក្នុងប្រទេសផងចំណែករដ្ឋធម្មនុញ្ញថៃ ដែលអនុម័តក្នុងឆ្នាំ២០១៧ អំឡុងពេលរបបយោធាដឹកនាំប្រទេស ត្រូវបានប្រជាពលរដ្ឋថៃបោះឆ្នោតយល់ព្រមក្នុងការធ្វើប្រជាមតិកាលពីឆ្នាំ២០១៦ ប៉ុន្តែគ្រានោះបក្សប្រឆាំងមិនត្រូវបានអនុញ្ញាតឲ្យធ្វើយុទ្ធនាការឡើយ រដ្ឋធម្មនុញ្ញនេះ ត្រូវបានបាតុករថៃមើលឃើញថាឲ្យអំណាចច្រើនជ្រុលដល់ព្រះមហាក្សត្រ

គួរបញ្ជាក់ថា ដោយសារតែចេញមុខតវ៉ា បាតុករជាច្រើនរូប កំពុងរងការចោទប្រកាន់ចំពោះសកម្មភាពអំឡុងពេលបាតុកម្មកាលពីចុងសប្ដាហ៍មុនដូចជាបំពានច្បាប់ប្រកាសអាសន្នហាមការជួបជុំទ្រង់ទ្រាយធំ និងច្បាប់ការពារព្រះមហាក្សត្រ៕ដោយ៖ស តារា


ចែករំលែក៖