ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ បដិសេធចំពោះសម្ដីរបស់លោក អេង ឆៃអ៊ាង ដែលចោទថា អាជ្ញាធរគៀបសង្កត់សិទ្ធិរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ចំពោះសំដីមិនទទួលស្គាល់ការពិតរបស់ឈ្មោះ អេង ឆៃអ៊ាង ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការកិច្ចបម្រើជាតិ ប្រជាជន និងការខិតខំធ្វើអោយសង្គមមានភាព យុត្តិធម៌ រួមទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម ការដោះស្រាយបញ្ហានានា ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ការធ្វើវេទិកាសាធារណៈ ការបង្ខិតសេវាអោយកាន់តែកៀកប្រជាពលរដ្ឋ ដូចជាសេវាច្រកចេញចូលតែមួយ ក៏ត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផល ទន្ទឹមនឹងការ បណ្តុះបណ្តាលស្មារតីមនសិការវិជ្ជាជីវៈដល់មន្ត្រី និងកងកម្លាំងនគរបាលជាតិ ព្រមទាំងជំរុញការអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយលេខ ០៤៣ សណន ស្តីពី ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ក្រោយពីបានចេញសេចក្តីណែនាំនេះ ប្រជាពលរដ្ឋ និង បណ្តាញសារព័ត៌មាន ជាច្រើនបានសម្តែងមតិស្វាគមន៍ និងគាំទ្រ ផ្ទុយទៅវិញឈ្មោះ អេង ឆៃអ៊ាង អ្នកនយោបាយ ជាប់បម្រាមតុលាការកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស បានធ្វើអត្ថាធិប្បាយក្នុងវិទ្យុបរទេសមួយ កាលពីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយនិយាយបំភ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់អាជ្ញាធរមូលដ្ឋាន ថាជាអ្នកគៀបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយទៅវិញ។ សំដីនេះបញ្ជាក់អោយឃើញពីចរិតពិត នៃអ្នកនយោបាយប្រឆាំងដែលមានភ្នែកភ្លឺនឹងគេដែរ តែធ្វើពុតត្បុតជាមនុស្សខ្វាក់ ធ្វើមិនដឹងមិនលឺ មើលមិនឃើញ នូវសមិទ្ធផល និងស្នាដៃ ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមក។ ប្រសិនបើដូចសំដីរបស់ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើងថា មន្ត្រីថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានធ្វើមិនកើត និងគ្មានជំនឿនោះ ម្ល៉េះសម រាជរដ្ឋាភិបាលសព្វថ្ងៃនេះ មិនអាចស្ថិតនៅគង់វង្សបានទេ ហើយក៏មិនអាចកសាងប្រទេសអោយរីកចម្រើន រក្សាបាន សន្តិសុខ សន្តិភាពជូនប្រជាជន និងប្រទេសជាតិបានដូចសព្វថ្ងៃឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកថា សំដីរបស់ឈ្មោះ អេង ឆៃអ៊ាង គឺជាសំដីភូតកុហកគ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយអោយលឺសំលេង និង កុំអោយតែគូកន និងបក្សពួករបស់ខ្លួនបំភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ៕

 

ដោយ៖ សុខ ខេមរា


ចែករំលែក៖