ភ្នំពេញ៖ បុគ្គលិកក្នុងក្រុមហ៊ុនមួយដែលមានឈ្មោះ E-Gets បានកើតទុក្ខមិនសុខចិត្តពីក្រុមហ៊ុនដែលទម្លាក់ប្រាក់ខែពួកគាត់ពី១ដុល្លារក្នុងមួយបុងរហូតធ្លាក់មកដល់៨០សេនក្នុង១បុង ។
ហេតុការណ៍ផ្ទុះការតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុគ្គលិកបានឱ្យដឹងថា ក្រុមហ៊ុន E-Gets ដែលជាក្រុមហ៊ុនដឹកអាហារចិនតាមអនឡាញបានចេញគោលការណ៍សម្រាប់ខែតុលាជូនដល់ក្រុមបុគ្គលិកដឹកជញ្ជូនត្រូវកាត់បន្ថយប្រាក់ខែពី១ដុល្លារក្នុងមួយបុង ធ្លាក់មកដល់៨០សេនក្នុងមួយបុង តែលុះមកដល់ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះដោយបុគ្គលិកចំនួនជាង៤០០នាក់កើតទុក្ខមិនសុខចិត្តនិឹងក្រុមហ៊ុនដែលទម្លាក់ប្រាក់ខែពួកគាត់ទើបនាំគ្នាមកតវ៉ា នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ ។
បុគ្គលិកបានបញ្ជាក់ទៀតថា ក្នុងការតវ៉ានេះ ពួកគាត់មានគោលដៅសុំឬសំណូម ពរដល់ក្រុមហ៊ុន E-Gets ឱ្យដំឡើងប្រាក់ខែពួកគាត់ឱ្យស្ថិតក្នុងតម្លៃថេរវិញ ពី៨០សេនក្នុង១បុងទ្បើងមក១ដុល្លារក្នុង១បុង ។
សូមបញ្ជាក់ថា ពេលនេះខាងក្រុមហ៊ុនមិនទាន់មានដំណោះស្រាយជូនដល់បុគ្គលិកនោះទេ ៕ ដោយ៖ រ៉ារ៉ា