ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងដួលលើថ្នល់ត្រូវរថយន្តមួយគ្រឿងទៀតបើកកិនបណ្ដាលឲ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យដួលស្របពេលរថយន្តមួយគ្រឿងទៀតបើកមកដល់ឈប់មិនទាន់ក៏កិនជនរងគ្រោះតែម្ដង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោង១៩និង៥នាទី​លេីផ្លូវជាតិលេខ៦១​ ចន្លោះគីឡូម៉ែត្រ១២-១៣​ ស្ថិតក្នុងភូមិថ្នល់បត់​ ឃុំកោះចិន​ ស្រុកពញាឮ​ ខេត្តកណ្តាល​។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានគ្នា២នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ ជាអ្នកបើកនិងអ្នករួមដំណើរលើម៉ូតូម៉ាក Honda dream C125​ ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​ 1IA-8711។ ចំណែកភាគីម៉ូតូម្ចាងទៀតម៉ាកSuzuki Smash ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ កណ្តាល1D-3895 បេីកបរដោយឈ្មោះ​ ឡន​ សំណាង​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ មានទីលំនៅភូមិសំបូរ​ ឃុំសំបូរ​ ស្រុកបាធាយ​ ខេត្តកំពង់ចាម(របួសធ្ងន់)។ ដោយឡែករថយន្តកិនមនុស្សស្លាប់មិនស្គាល់ម៉ាកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។
ប្រភពដដែលបន្តថា​ នៅវេលា​ថ្ងៃ​ខែឆ្នាំ​កេីត​ហេតុខាងលេី​ មានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125​ ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​ 1IA-8711បេីកបរក្នុងទិសដៅពីកេីតទៅលិច(កំពង់ចាម-ព្រែកក្តាម)​ដោយមានអ្នករួមដំណើរម្នាក់។ លុះបេីកមកដល់ចំណុចកេីតហេតុ​ បានបុកជាមួយម៉ូតូមួយគ្រឿង​ ម៉ាកSuzuki Smash ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ កណ្តាល1D-3895.ដែលបេីកបរមានទិសដៅពីលិចទៅកេីត(ព្រែកក្តាម-កំពង់ចាម)​បេីកបរដោយឈ្មោះ​ ឡន​ សំណាង​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ មានទីលំនៅភូមិសំបូរ​ ឃុំសំបូរ​ ស្រុកបាធាយ​ ខេត្តកំពង់ចាម(របួសធ្ងន់)​ បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទាំង២គ្រឿងដួល ស្របពេលនោះដែរក៏មានរថយន្ត​មិនស្គាល់អត្តសញ្ញាណ​បើកមកពីក្រោយឈប់មិនទាន់ក៏កិនអ្នកបេីកបរម៉ូតូHonda Dream C125​និងអ្នករួមដំណេីរ​ បណ្តាលឱ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកេីតហេតុតែម្តង​ ។
ក្រោយពេលកេីត​ហេតុ​ កម្លាំងផ្នែកជំនាញ​ បាន​ចុះ​មកដល់​ធ្វើ​ការ​វាស់វែង​ និងបានហៅរថយន្តសង្គ្រោះ​ដឹកអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យ​ រីឯសាកសពជនរងគ្រោះទាំងពីរ​នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិបងប្អូនមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖