ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា៖ តាំងពីរំលងអធ្រាត្រថ្ងៃទី២៦ ខែកញ្ញា រហូតមកដល់ថ្ងៃត្រង់ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់ បានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិច វិធានការបន្ទាន់បានចាត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីរំដោះការជន់លិច។ សំរាម នៅតែជាបញ្ហាប្រឈមដែលបណ្តាអោយ ស្ទះលំហូរនៃផ្លូវទឹក បណ្តាអោយមានការជន់លិចផងដែរ។
លោកបន្តថា៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែកញ្ញានេះ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់ តំបន់មាត់សមុទ្រនឹងមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ រលកសមុទ្រខ្ពស់ៗ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកទេសចរណ៍ មេត្តាប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាព ចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិ មានបំណងទៅកំសាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ សូមលេីកពេលទៅកំសាន្ត ដេីម្បីជៀសវាងគ្រោះថ្នាក់កេីតមានជាយថាហេតុ៕
ដោយ៖សិលា