ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣០កញ្ញា ដល់៦តុលា ..! សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣០កញ្ញា ដល់៦តុលា ..! ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋ រស់នៅទីទំនាបក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ ,ជួរភ្នំក្រវាញ។ នេះបើយោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ នូវសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស
(ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០)។
តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៦ ខែតុលា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
នៅថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០៣ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុង កម្រិតពីតិចទៅមធ្យម ។ បន្ទាប់ពីនោះ នឹងបង្កើនការធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរ ទៅច្រើន   ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤ -២៦°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០២ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅមធ្យម  ។  បន្ទាប់មក  ភ្លៀងនឹងបន្តបង្កើនការធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋ រស់នៅទីទំនាបក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្តាខេត្តនៅតំបន់ មាត់សមុទ្រ និងបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ។ ជាមួយគ្នានោះ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់  បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ៣-៦ ខែតុលា ៕ដោយ៖សុខខេមរា


ចែករំលែក៖