ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងជាអតិថិជនដែលបានទិញដីឡូត៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បានទាមទារឱ្យលោក អំ សំអូន ធ្វើប្លង់រឹងជូនពលរដ្ឋតាមការសន្យា ព្រោះខកខានរយៈពេលជាង២ឆ្នាំមកហើយ ។
បញ្ហានេះ ប្រជាពលរដ្ឋបានមកប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាលកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថ្មីៗនេះផងដែរ ដើម្បីទាមទារដំណោះស្រាយ ពីលោកអភិបាលខេត្តកណ្តាល ។
លោក រឿន រ៉ែន តំណាងប្រជាពលរដ្ឋ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋជាអតិថិជនទិញដីឡូត៍ពីលោកអំ សំអូននៅពុំទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ ។
តំណាងពលរដ្ឋបន្តថា លោក អំ សំអូន គឺ មានចេតនាមិនធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ តាមការសន្យាឡើយ ។ បញ្ហានេះ តំណាងពលរដ្ឋអះអាងថា នឹងប្តឹងទៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយអន្តរាគមន៍បន្ថែមទៀតចំពោះបញ្ហានេះ ។
ឆ្លើយតបចំពោះបញ្ហានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងប្រាប់ថា អាជ្ញាធរកំពុងពិនិត្យលើឯកសារពាក់ព័ន្ធ ហើយនឹងអញ្ជើញប្រជាពលរដ្ឋមកជួបពិភាក្សាគ្នាជុំវិញបញ្ហានេះ នាពេលខាងមុខ ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា លោក អំ សំអូន បានទទួលប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់ឱ្យគ្រប់ចំនួន រីឯអ្នកខ្លះទៀតនៅសល់បន្តិចបន្តួច និងចាំទទួលបានប្លង់រឹងទើបឱ្យប្រាក់បង្គ្រប់ ។
គ្រប់ដីឡូត៍នីមួយៗ គឺទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោក អំ សំអូន ថា រយៈពេល៣ទៅ៦ខែ នឹងទទួលបានបណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់ និងចេញបង្កាន់ដៃដោយលោក ម៉ែន សាមិទ្ធ មន្ត្រីសុរិយោដីស្រុកស្អាង ។
ប៉ុន្តែមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅតែពុំទាន់ទទួលបានបណ្ណកម្មសិទ្ធិប្លង់រឹងនៅឡើយទេ ៕ដោយ៖ចេស្តា