ក្រុមហ៊ុនអាកាសចរណ៍អាមេរិកDelta Airlines នឹងអនុញ្ញាតឲ្យអាកាសយានិកចំនួន១៩០០នាក់ ឈប់សម្រាក ប្រសិនបើសភាអាមេរិកមិនឈានដល់កិច្ចព្រមព្រៀងជួយដល់សេដ្ឋកិច្ចនោះទេ។
ក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរគឺ Delta Airlines និង American Airlines បានកាត់បន្ថយបុគ្គលិកដល់ទៅ៣២ពាន់នាក់ក្រោយសភាអាមេរិកមិនព្រមព្រៀងទៅលើកញ្ចប់ជំនួយសេដ្ឋកិច្ច។ ជាមួយគ្នានេះអាកាសយានិក១៩០០នាក់ ក៏ត្រូវដាក់ច្បាប់សម្រាកផងដែរ។
សារព័ត៌មាន CNN នៅថ្ងៃទី២ ខែតុលា បានផ្សាយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសចរណ៍ Delta Airlines លោកEd Bastianបានឲ្យដឹងថា ប្រសិនបើមិនទទួលបានការគាំទ្រហិរញ្ញវត្ថុពីសភាទេយើងនឹងបន្តឲ្យបុគ្គលិករាប់ពាន់នាក់ទៀតឈប់សម្រាកពីការងារជាបណ្តោះអាសន្ន ដោយមិនមានប្រាក់ខែឡើយ។
ក្រៅពីផលប៉ះពាល់ដល់ការងារធ្វើក្នុងវិស័យអាកាសចរណ៍ហើយ ការឆ្លងរាលដាលកូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតីទទួលខុសត្រូវ រក្សាសុវត្ថិភាពរបស់អ្នកដំណើរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ត្រូវបង្ខំឲ្យអ្នកដំណើរត្រូវពាក់ម៉ាស់ទាំងអស់ពេលឡើងជិះយន្តហោះ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានសម្រេចធ្វើតេស្តរហ័សដល់អ្នកដំណើរមុនពេលឡើងយន្តហោះ។
នៅពេលនេះដែរ អាមេរិកមិនទាន់មានវ៉ាក់សាំងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩នៅឡើយទេ ហើយក្រុមហ៊ុនផលិតឱសថដ៏សំខាន់របស់អាមេរិកក៏បានប្រកាសថា មិនទាន់អាចសុំការអនុញ្ញាតចេញវ៉ាក់សាំងនៅខែវិច្ឆិកានោះបានឡើយ។ បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង៧,៤លាននាក់ ស្លាប់ ជាង២១២ពាន់នាក់ និងព្យាបាលជាសះស្បើយជិត៥លាននាក់ផងដែរ៕ដោយ៖ធី រីណា