ភ្នំពេញ៖នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមឃាត់ខ្លួន បងប្រុសបង្កើតដែលវាយសម្លាប់ប្អូន បានហើយ នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ។
បទល្មើសនេះវាយសម្លាប់ប្អូនប្រុសបង្កើតខ្លួនឯងនេះ គឺ បានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទាយអាមេរិក ភូមិថ្គង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ប្រតិបត្តិការបង្ក្រាបដោយជោគជ័យនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននិងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អោយកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ។
ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំ បែបនេះ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងសហការគ្នា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក ធ្វើការឃាត់ខ្លួនជនដៃដល់ បានតែម្តង ។
ជនសង្ស័យមានឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ បានយកដំបងវាយ ជនរងគ្រោះឈ្មោះ ថេង សុ ថុន ហៅពូជ បណ្តាលអោយស្លាប់ ព្រោះជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូន លួចរបស់ក្នុងផ្ទះលក់គ្មានសល់ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាហេតុធ្វើអោយជនសង្ស័យជាបងបង្កើត ដាច់ចិត្តយកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រ វាយបណ្តាលឲ្យស្លាប់តែម្តង រួចគេចខ្លួនបាត់ មកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ចេស្តា