ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចរកឃើញមេខ្លោងជនជាតិចិន៩នាក់គ្រឿងញៀន១២គីឡូក្រាម និងកាំភ្លើង៣ដើម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះថា ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ (បង្កប់ខារ៉ាអូខេ និងបម្រេីសេវាផ្លូវភេទ) កម្លាំងសមត្ថកិច្ចរកឃើញមេខ្លោង និងគូកនជាជនជាតិចិនចំនួន៩នាក់ ត្រូវបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញរឹបអូសបានគ្រឿងញៀនជាង១២គីឡូក្រាម និងកាំភ្លើងខ្លី២ដើម (កាំភ្លើងវែងមួយដើម ) ព្រមទាំងវត្ថុតាងមួយចំនួនទៀត ហើយត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនជាតិចិនផ្សេងទៀតពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដែលឃាត់ខ្លួនក្នុងភោជនីយដ្ឋាននោះ ជំនាញកំពុងសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបណ្ដេញចេញពីកម្ពុជា។

គួរជម្រាបថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរនៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស៊ីនខាយសៀនមិន» ជាកម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅក្នុងប្រតិបត្តិការនេះកម្លាំងគណៈបញ្ជាការ ឯកភាពខេត្តបានឃាត់ជនជាតិចិន និងខ្មែរជាច្រើននាក់ ព្រមទាំងដកហូតកាំភ្លើង និងគ្រឿងញៀនមួយចំនួនផងដែរ៕ឆ្លាម សមុទ្រ


ចែករំលែក៖