ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកNicolas Maduro កាលពីថ្ងៃទី៤ ខែតុលា បានប្រកាសថា លោកនិងកូនប្រុសមានគម្រោងចាក់វ៉ាក់សំាង ប្រឆាំងកូវីដ-១៩ របស់រុស្ស៊ីមានឈ្មោះថា Sputnik V។
ប្រធានាធិបតី ម៉ាឌូរ៉ូ បញ្ជាក់នៅលើបណ្តាញសង្គមTwitterថា លោកនិងកូនប្រុស Nicolas Ernesto Maduro Guerra ព្រមទាំងបងស្រី គឺលោកស្រី Maria Teresa Maduro នឹងចូលរួមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ី Sputnik V ។
វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ដំបូងបង្អស់បានបញ្ជូនទៅដល់ អាកាសយានដ្ឋានអន្តរជាតិSimon Bolivar ក្នុងទីក្រុង Caracas ប្រទេសវេណេហ្ស៊ុយអេឡា។ អនុប្រធានាធិបតី លោកDelcy Rodriguez បានបញ្ជាក់ថា វេណេហ្ស៊ុយអេឡា បានចូលរួម សាកល្បងដំណាក់កាលទី៣នៃវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវេណេហ្ស៊ុយអេឡា លោកCarlos Alvarado បានបញ្ជាក់ថា មានពលរដ្ឋប្រមាណ២ពាន់នាក់ក្នុងប្រទេសនេះបានយល់ព្រមចូលរួមសាកល្បងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំណាក់កាលទី៣។
រុស្ស៊ីបានប្រកាសជាផ្លូវការក្លាយជាប្រទេសទីមួយនៅលើពិភពលោកប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី១១ខែសីហា។ ក្រោយការប្រកាសនោះរុស្ស៊ីទទួលបានការបញ្ជាទិញវ៉ាក់សាំងដល់ទៅជាង១ពាន់លានដូស ពី២០ប្រទេសជុំវិញពិភពលោក ៕ដោយ៖ធី រីណា