ភ្នំពេញ ៖ នៅក្នុងពេលជួបសម្តែងការគួរសមជាមួយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក មីកាមិ ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជម្រាបជូនលោកស្រី ឧបនាយករដ្ឋមន្ត្រី ពីជំហរយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ដែលកំពុងគិតគូរបន្តយកចិត្តទុកដាក់ជួយដល់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឃន៍សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បើទោះបីជាយើងកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដូចប្រទេសនានាលើសកលលោកក៏ដោយ ។
លោកឯកអគ្គរាជទូតបានឲ្យដឹងបន្ថែមទៀតថា ៖ រាជរដ្ឋាភិបាលជប៉ុន បានត្រៀមរួចជាស្រេចដើម្បីជួយដល់កម្ពុជា ក្នុងវិស័យមួយចំនួនដូចជាវិស័យសុខាភិបាលជាដើម ក្នុងនោះជំនួយទឹកប្រាក់ប្រមាណជា២៥ពាន់លានយេនគ្រោងនឹងរៀបចំចុះហត្ថលេខានាពេលខាងមុខនេះ ។
ជាមួយគ្នានេះដែររាជរដ្ឋាភិបាលជប៉ុន កំពុងពិនិត្យរៀបចំការតភ្ជាប់គ្នាឡើងវិញនូវជើងហោះហើរពីជប៉ុនមកកម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានអាក់ខានដោយសារកូវីដ-១៩ មកនេះ ។
ជាការឆ្លើយតបលោកស្រីម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកប្រទេសជប៉ុនជាមហាមិត្តរបស់កម្ពុជាដែលបានជួយឧបត្ថម្ភដល់កម្ពុជាតាមរយៈការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាលដែលកម្ពុជាត្រូវការជំនួយដើម្បីស្តារ និងអភិវឌ្ឍប្រទេស។ ជំនួយដ៏ថ្លៃថ្លារបស់ជប៉ុនបានជួយកម្ពុជា មានការផ្លាស់ប្តូរមុខមាត់ និងបម្រើដល់ប្រជាជនកម្ពុជាទូទៅ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រៅពីជំនួយលើវិស័យសេដ្ឋកិច្ច សុខាភិបាល និងការជួយស្តារឡើងវិញវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធផ្លូវគមនាគមន៍ ជប៉ុនគឺជាប្រទេសមួយដែលបានជួយជ្រោមជ្រែងស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិដល់កម្ពុជា នឹងបានឈានទៅដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា ១៩៩១ ព្រមទាំងបានដំណើរការបោះឆ្នោតនៅឆ្នាំ១៩៩៣ទៀតផង ។
តាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកស្រីម៉ែន សំអន បានផ្ញើនូវការថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបានជួយដល់កម្ពុជា ព្រោះប្រទេសទាំងពីរបានភ្ជាប់ចំណងទាក់ទងគ្នាតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៣មកម្ល៉េះ ។
លោក មីកាមិ ម៉ាសាហ៊ិរ៉ូ បានថ្លែងនូវការចាប់អារម្មណ៍ចំពោះការរីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសមួយដែលធ្លាប់ជួបប្រទះនឹងសង្ក្រាមបែកបាក់មកជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ពិសេសគឺការរក្សាបានស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូលនាំមកនូវ ការអភិវឌ្ឍនរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសុំឲ្យមានការជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នដែលមានបេសកកម្មស្រដៀងនិឹងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាពិសេសវិស័យអធិការកិច្ច និងទប់ស្កាត់អំពើពុករលួយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការបណ្តុះបណ្តាល និងសូមជូនពរលោកឯកអគ្គរាជទូតប្រកបដោយសុខភាពល្អបរិបូណ៌ និងជោគជ័យក្នុងបេសកកម្ម ការទូតរបស់លោកនៅកម្ពុជា ៕ សំរិត