ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា៖ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា សំណូមពរដល់គ្រប់សមាសភាពក្នុងសហគមន៍ជំរុញជនរងគ្រោះដោយសារគ្រឿងញៀនទៅទទួលការព្យាបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ។ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍សំណូមពរបែបនេះក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី
ការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់ដែលមានអ្នកចូលរូមពីលោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា តំណាងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌមានជ័យ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ក្នុងខណ្ឌមានជ័យ តំណាងសុខាភិបាលមូលដ្ឋាន និងអង្គការពាក់ព័ន្ធ។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណាបានប្រសាសន៍ថា ពេលអាជ្ញាធរ មន្រ្តីអនុវត្តច្បាប់ និងសហគមន៍បានដឹងយល់ច្បាស់ពីតំរូវការចាំបាច់របស់អ្នកញៀនគ្រឿងញៀនគឺយេីងអាចជួយពួកគាត់បានជោគជ័យ ទាំងការងារគ្រឿងញៀន និងការងារប្រឆាំងនឹងជំងឺអេដស៍។
លោកវេជ្ជបណ្ឌិត ភូ លាង បានមានប្រសាសន៍ថា ភាពញៀនគ្រឿងញៀនគឺជាជំងឺខួរក្បាល ដែលមានភាពរ៉ាំរ៉ៃ ហើយតែងតែលាប់ឡើងវិញជាញឹកញាប់ និងជាជំងឺដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាពជាច្រើនមុខ។ ការព្យាបាលដោយប្រេីប្រាស់ឱសថ និងការព្យាបាលតាមបែបចិត្តសង្គម ជាអន្តរាគមន៍ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលភាពញៀនគ្រឿងញៀនដែលទាមទារឱ្យមានការចូលរួមជាចាំបាច់ពីភាគីដែលពាក់ព័ន្ធ រួមទាំងគ្រួសារ និងមន្រ្តីអនុវត្តច្បាប់។
ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា ក្នុងបរិបទថ្មីដែលប្រទេសកម្ពុជាបាននឹងកំពុងមមាញឹកចូលរួមអនុវត្តយ៉ាងខ្ចាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺសកលកូវីដ-១៩ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតែបន្តអនុវត្តផែនការស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និងបានគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀនមានចំនួន១២.៩៤២នាក់ ជាសះស្បើយនិងធ្វើសមាហរណកម្មបានចំនួន៤.៨៣៩នាក់ និងកំពុងព្យាបាលមានចំនួន៤.០៦៣នាក់ និងអ្នកញៀនបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលក្នុងរាជធានី-ខេត្តមានចំនួន៣.៣៨២នាក់ ។
ក្នុងឱកាសនោះ លោកស្រី ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង បានសំណូមដល់គណៈកម្មការសម្របសម្រួលសម្រាប់ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នៅតាមឃុំ-សង្កាត់ មានមេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ នាយកសាលា អាចារ្យ ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត គណ:កម្មការកិច្ចការនារីឃុំ-សង្កាត់ ដែលតួនាទីយ៉ាងសំខាន់ដើម្បីគាំទ្រជំរុញ ព្យាបាល ផ្តល់ប្រឹក្សា និងការព្យាបាលបន្តអ្នកញៀនគ្រឿងញៀនឱ្យបានជាប់លាប់ និងឲ្យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀននៅតាមមណ្ឌលសុខភាព ពេទ្យបង្អែក និងពេទ្យជាតិ ទាំង៤៥០កន្លែង ដោយមិនគិតថ្លៃ ចំណេញពេលវេលា អាចធ្វេីការបានជាធម្មតា។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បង្កេីតឡេីងក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងសុខាភិបាល ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការខាណា៕
ដោយ៖ សិលា