ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រជុំពិភាក្សា និងពិនិត្យទៅលើឯកសារទស្សនៈទាន នឹងគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀល ថ្ងៃ អង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២០ នេះលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា និងពិនិត្យទៅលើឯកសារទស្សនៈទាន ព្រមទាំងការសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការសិក្សា ស្រាវជ្រាវ និងចងក្រង។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៃក្រសួងយុត្តិធម៌ផងដែរ។

សូមជម្រាបថា៖ នៅពេលព្រឹកថ្ងៃដដែលនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៍ ដឹកនាំក្រុមការងារ អញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា នាសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ រួមមាន៖

១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ។

២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញា ស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង។

៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និង សហព័ន្ធរុស្សី៕ដោយ៖ សិលា


ចែករំលែក៖