ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមពាក្យបណ្ដឹងពាក់ព័ន្ធករណីចោរកម្មលួចកង់ប្រភេទហាត់ប្រាណ ខណៈម្ចាស់ផ្ទះជួលមិននៅ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះនុត តារា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបន្ទាយដែក ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល ស្នាក់នៅបណ្ដោះអាសន្នក្រុងបាវិត។
ចំណែកស្ត្រីម្ចាស់កង់មានឈ្មោះ ឌុយ ច័ន្ទសាវត្តី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបាវិតបានទទួលព័ត៌មានពីម្ចាស់បន្ទប់ផ្ទះជួលឈ្មោះ អ៊ុង ចាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមរយ:ទូរស័ព្ទថា នៅបន្ទប់ផ្ទះជួលរបស់ខ្លួន មានចោរចូលលួចកង់១គ្រឿងប្រភេទកង់ជិះហាត់ប្រាណរបស់នារីម្នាក់ជាបុគ្គលិកកាស៊ីណូ ខណៈដែលបញ្ឈរទុកនៅខាងមុខបន្ទប់ជួលលេខ០២។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលក៏បានទៅដល់កន្លែងកើតហេតុ រួចឃាត់និងនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចកង់គេប្រាកដមែន ដោយសារមូលហេតុត្រូវការលុយជាបន្ទាន់។
ក្រោយមកសមត្ថកិច្ចក៏បានឆែកឆេរលើដងខ្លួនជនសង្ស័យរកឃើញមានចង្កឹះសោម៉ូតូចំនួន២ ចង្កឹះសោទ្វារបន្ទប់ចំនួន១ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការបន្តតាមច្បាប់៕យឹម សុថាន