ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិក បង្ហាញការកោតសសើរលើការងារពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់របស់កម្ពុជាក្នុងការថែរក្សាសន្តិសុខ

ចែករំលែក៖

ភ្នំពេញ៖ សហរដ្ឋអាមេរិក បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់របស់កម្ពុជាជាមួយសហរដ្ឋអាមេរិក ក្នុងការថែរក្សាសន្តិសុខរវាងប្រទេសទាំងពីរឱ្យបានល្អប្រសើរ លើសពីនេះទៀត គឺកម្ពុជាបានរួមចំណែកក្នុងការថែរក្សាសន្តិសុខសកលផងដែរ។ នេះបើតាមការលើកឡើងរបស់ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធទី០៧ ខែតុលា ឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានជម្រាបជូនសម្តេចក្រឡាហោមផងដែរថា ឆ្នាំនេះគឺជាខួប៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នេះក៏ជាប្រធានបទមួយដែលត្រូវបានដាក់បញ្ចូលសម្រាប់អបអរសាទខួបនៃការបង្កើតនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានបន្តថា ៖ បានណែនាំសមាសភាពក្រុមការងារដែលទទួលបន្ទុកផ្នែកអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកប្រចាំនៅស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាផងដែរ ដែលក្រុមការងារនេះនឹងបន្តធ្វើកិច្ចសហប្រតិ្តបត្តិការជាមួយភាគីកម្ពុជា ទៅតាមជំនាញរៀងៗខ្លួនក្នុងការជំរុញទំនាក់ទំនងលើការងារអនុវត្តច្បាប់ឱ្យកាន់តែជិតស្និតថែមទៀត។

សម្ដេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវការអបអរសារទចំពោះសមិទ្ធផលជាច្រើនដែលកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរបានរួមគ្នាសម្រេចបាននាពេលកន្លងមក។ បន្ថែមពីលើនេះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់លោក W. Patrick Murphy ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។ ក្រៅពីនេះទៀត សម្តេចក្រឡាហោម ក៏បានស្នើទៅដល់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឱ្យបន្តជួយគាំទ្របច្ចេកទេសដល់កិច្ចការងារការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានរបស់កម្ពុជាជាបន្តទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា ពាក់ព័ន្ធនឹងកិច្ចការងារការរៀបចំសេចក្តីព្រាងច្បាប់
ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះដែរ លោកក៏បានអបអរសាទចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងភាគីកម្ពុជា ជាមួយអ្នកជំនាញ រួមទាំងក្រុមបច្ចេកវិទ្យាក្រុមហ៊ុនធំៗមួយចំនួនរបស់សហរដ្ឋអាមរិកនាពេលកន្លងមក ហើយលោក នឹងបន្តគាំទ្រក្នុងការជួយដល់កម្ពុជាបន្តទៀត ជាងនេះទៀតលោកក៏មានគោលបំណងក្នុងការពង្រីកកិច្ចសហប្រត្តិបត្តិការលើការងារពាក់ព័ន្ធមួយចំនួនទៀតដែលស្ថិតនៅក្នុងក្របខណ្ឌនៃការងារអនុវត្តច្បាប់ផងដែរ៕

ដោយ៖សិលា


ចែករំលែក៖