ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបានក្រោយពីរូបគេធ្វើសកម្មភាពលួចម៉ូតូ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៥៥នាទី នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ កែវ ស្រីណែត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន) បានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ដន សុបញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សម្ភារបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកហុងដាគុបសេ៥០ ពាក់ស្លាកលេខតាកែវ 1J-8728 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖