ភ្នំពេញ៖ បើតាមនាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ កម្ពុជា គាំទ្រក្នុងការបន្តកិច្ចសហការជាមួយសហរដ្ឋអាមេរិក ឱ្យកាន់តែជិតស្និតបន្ថែមទៀតដូចដែលបានធ្វើកន្លងមក លើកិច្ចការងារប្រឆាំងការជួញដូរមនុស្ស និងការគាំពារកុមារ។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្ដេចក្រឡាហោម ស ខេង ជាមួយលោកW. Patrick Murphy នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សហរដ្ឋអាមេរិក ស្នើសុំក្រសួងមហាផ្ទៃ បន្ដកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀតទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារ ជាពិសេសរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារនេះកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទៅលើការងារកិច្ចសហប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត ដូចជាការងារចុះធ្វើអធិការកិច្ច ការត្រួតពិនិត្យគោលដៅនានា ដើម្បីជួយដល់ជនរងគ្រោះនៅក្នុងអំពើជួញដូរនេះ។
លោកបន្ដថា កម្ពុជាគាំទ្របន្ដកិច្ចសហប្រតិបត្តិការជាមួយគ្នាជិតស្និតបន្ថែមទៀត លើកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារនេះ ដោយ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះផងដែរ តាមរយៈយន្តការមួយគឺគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាយន្ដការជាតិ ដើម្បីធ្វើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។ លោកបានបន្ថែមថា កម្ពុជាគាំទ្រចំពោះកិច្ចសហប្រតិបត្តិការងាររវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារ។ លោកអ្នកនាំពាក្យរង បានបញ្ជាក់បន្ថែមផងដែរថា មិនត្រឹមតែកិច្ចការងារទាំងពីរនេះទេ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងមហាផ្ទៃ សូមលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិកមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម និងបទល្មើសឆ្លងដែនផ្សេងៗជាដើមទៀតផងដែរ៕
ដោយ៖សិលា