ខេត្តស្វាយរៀង៖ អាជ្ញាធរស្រុកចន្ទ្រានិងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិចំនួន ២ ក្នុងឃុំចន្ទ្រា ដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង។
ការចុះពិនិត្យនេះបានធ្វើឡើងនៅរសៀល ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដោយលោក ថន ថាវុទ្ទា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង។
បើតាមមន្ត្រីសាលាស្រុកចន្ទ្រាបានឱ្យដឹងថា ភូមិចំនួន២ក្នុងឃុំចន្ទ្រាដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង និងដោយសារការបើកទឹកមកពីខាងលើ រួមមានអាងដូនទយ អាងធ្លកកបុត្រ និងអាងស្វាយយា បណ្ដាលឱ្យជន់លិចស្រូវរបស់ប្រជាពលរដ្ឋក្នុងភូមិសែនតនិងភូមិចន្រ្ទា។
ប្រភពបន្តថា ភូមិសែនតត្រូវបានជន់លិចសរុប២៥ហិកតា ខូចខាតទាំងស្រុងចំនួន ១០ហិកតារបស់កសិករ៧គ្រួសារ និងភូមិចន្រ្ទា ជន់លិចសរុប១០ហិកតាខូចខាតទាំងស្រុង១០ហិកតា ស្មើ៣គ្រួសារ។សរុបទាំង២ភូមិមានចំនួន៣៥ហិកតា ខូចខាតទាំងស្រុង១៧ហិកតាស្មើនិឹង ១០គ្រួសារ ដោយស្រូវប្រជាពលរដ្ឋទាំងអស់នេះមានអាយុចាប់ពី២០ថ្ងៃឡើងទៅ និងមានទីតាំងនៅតាមមាត់អូរផងដែរ៕ យឹម សុថាន