ខេត្តក្រចេះ៖ បីនាក់ម្តាយឪពុកនិងកូនតូច បានស្លាប់ភ្លាមៗក្នុងពេលតែមួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ត កាមរី គូទស្វិតពណ៌ទឹកប៊ិចដែលបើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ពីជើងទៅត្បូងហើយបានវ៉ារថយន្តធំៗក៏ទៅបុកម៉ូតូជនរងគ្រោះដែលជិះគ្នាបីនាក់ឪពុកម្ដាយនិងកូនតូចបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយសាកសពបានបែកជាបំណែកៗមើលមុខមាត់មិនយល់ដែលគួរឱ្យរន្ធត់និងសង្វេគខ្លាំងណាស់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦៖២០នាទីព្រលប់ ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចស្ពានអូរតាពុក ស្ថិតក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំបើកបរស្របទិសគ្នាពីជើងទៅត្បូង ហើយរថយន្តកាមរីស្វិតពណ៌ទឹកប៊ិចដែលបើកបរក្នុងល្បឿនលឿនបានវ៉ារថយន្តធំក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវអាល់ហ្វា គ្មានស្លាកលេខជិះគ្នា៣នាក់ឪពុក ម្ដាយនិងកូនតូច បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត ដោយសាច់បែកជាបំណែករកមើលមិនយល់។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានមកដល់ ធ្វើការវាស់វែងនិងពិនិត្យសាកសព ដើម្បីកំណត់អត្តសញ្ញាណនិងស្វែងរកសាច់ញាតិសពដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមសមត្ថកិច្ចឲ្យដឹងនៅនឹងកន្លែងកើតហេតុថា: ក្រោយកើតហេតុ ម្ចាស់រថយន្តកាមរីស្វិតពណ៌ទឹកប៊ិចពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-2100 ដឹងថាខ្លួនបង្កធ្វើឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតរហូតដល់ទៅ៣នាក់នោះបានដាក់មេប្រូចរត់គេចបាត់ស្រមោល បន្សល់តែរថយន្តរងការខូចខាតយ៉ាងដំណំ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកវ៉េវអាល់ហ្វា គ្មានស្លាកលេខ ខូចខាតទាំងស្រុង។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង៣នាក់ជាឪពុក ម្តាយនិងកូនប្រុសតូចម្នាក់ មានឈ្មោះ ១-ឪពុកឈ្មោះផល្លា, ២-ម្តាយឈ្មោះនៅ ចាន់ឌឿន, ៣-កូនប្រុសឈ្មោះតុលា អ្នកទាំង៣នាក់រស់នៅភូមិដារ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ។
ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តពេទ្យ មកដឹកសាកសពយកទៅប្រគល់ឱ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ចំណែករថយន្តបង្កនិងម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកសំបូរ រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖មាស សុផាត