ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ដែលក្នុងនោះរួមមាន លោក អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឧត្តមសេនីយ៍ទោ ម៉ៅ គង្គា អនុប្រធាននាយកដ្ឋាន ព័ត៌មានវិទ្យា ព្រមជាមួយថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ ដើម្បីចូលរួមក្នុងពិធីបិទនៃកិច្ចប្រជុំតុមូលពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ាន លើកទី៥ ស្តីពីសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (AMCC) តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំកិច្ចប្រជុំSICW ឆ្នាំ២០២០នេះ ។
មានការចូលរួមពីរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងអឺរ៉ុបមួយចំនួនទៀត ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍នានា ព្រមទាំងបញ្ហាសំខាន់ៗផ្សេងៗទៀត ដើម្បីស្វែងរកកិច្ចសហការរួមគ្នាដោះស្រាយ និងពង្រឹងការគំរាមកំហែងថ្មីៗនៃឌីជីថល ការវិវត្តនៃគោលនយោបាយសន្តិសុខប្រព័ន្ធបច្ចេកវិទ្យា និងលំហបច្ចេកវិទ្យានៅអាស៊ាន និងពិភពលោកផងដែរ។
បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ នៅក្នុងកិច្ចប្រជុំចុងក្រោយនៃការពិភាក្សាតុមូលពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ាន លើកទី៥នេះ ក៏មានវាគ្មិនមកពីបណ្តាប្រទេសមួយចំនួនទាំងអាស៊ាន និងអឺរ៉ុប បានបន្តធ្វើការចែករំលែកនូវព័ត៌មាន និងបទពិសោធន៍សំខាន់ៗនានាជាច្រើនពាក់ព័ន្ធទៅនិងលំហនៃបច្ចេកវិទ្យា និងវិបត្តិកូវីដ-១៩ ដែលពិភពលោកកំពុងប្រើប្រាស់ និងជួបប្រទះ ដើម្បីធ្វើការចែករំលែកក្នុងការចូលរួមថែរក្សាសន្តិសុខបច្ចេកវិទ្យា និងដោះស្រាយរួមគ្នា ធ្វើយ៉ាងណាឱ្យការប្រើប្រាស់នូវបច្ចេកវិទ្យាទទួលបានផលប្រយោជន៍ខ្ពស់សម្រាប់ពេលអនាគត និងក្នុងសម័យវិបត្តិកូវីដ-១៩ ដែលប្រជាជនសកលលោកកំពុងប្រើប្រាស់នូវបច្ចេកវិទ្យានេះមានការកើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក។
ជាងនេះទៅទៀត វាគ្មិនទាំងអស់បានផ្តោតសំខាន់លើការកសាងកិច្ចសហប្រតិបត្តិការបង្កើតយុទ្ធសាស្រ្ត និងគោលនយោបាយរួមគ្នារវាងប្រទេសនីមួយៗលើការងារគ្រប់គ្រងនូវការវិត្តនៃប្រព័ន្ធបច្ចេកវិទ្យា ដោយបណ្តាវាគ្មិនសុទ្ធតែយល់ឃើញថា បច្ចុប្បន្នប្រជាជននៅតាមបណ្តាប្រទេសនីមួយៗ កំពុងពេញនិយមប្រើប្រាស់នូវបច្ចេកវិទ្យាយ៉ាងជាច្រើនលើសលុប នៅលើគ្រប់មធ្យោបាយ ដូចជាការប្រើប្រាស់សម្រាប់ការងារទំនាក់ទំនង ការងារអភិវឌ្ឍន៍ ការងារវិនិយោគ ការងារអាជីវកម្ម ពាណិជ្ជកម្ម ទិញទំនិញOnline និងការងារជាច្រើនផ្សេងទៀត ដើម្បីបំពេញតម្រូវការក្នុងជីវភាពរស់នៅ និងការងារនានារបស់ប្រជាជនដែលរស់នៅក្នុងបណ្តាប្រទេសជុំវិញពិភពលោក ដែលកំពុងប្រតិបត្តការប្រព័ន្ធឌីជីថលនេះយ៉ាងមមាញឹក។ ក្នុងបរិបទបច្ចុប្បន្ននេះដែលកំពុងជួបនូវវិបត្តិកូវីដ-១៩ផងនោះ ហេតុដូច្នេះប្រជាជនត្រូវការបង្កើតនូវការរស់នៅ និងធ្វើការងារប្រចាំថ្ងៃប្រកបដោយភាពងាយស្រួល និងជឿនលឿន។
ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានកត់សំគាល់ឃើញថា បច្ចេកវិទ្យាបច្ចុប្បន្នក៏កំពុងមានការប្រែប្រួលយ៉ាងលឿន ហើយស្របនឹងពេលវលានេះដែរ ក៏ត្រូវមានការប្រតិកម្មចំពោះការបម្រែបម្រួលនេះឱ្យបានលឿនផងដែរ ដើម្បីសម្របសម្រួលឱ្យការរស់នៅរបស់មនុស្សទទួលបាននូវសុវត្ថិភាព និងសន្តិសុខលើការប្រើប្រាស់បច្ចេកវិទ្យា។ នៅក្នុងបរិបទនេះ អង្គប្រជុំក៏បានស្នើដល់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ត្រូវមានការផ្សព្វផ្សាយ និងទប់ស្កាត់នៅអំពើឧក្រិដកម្មបទល្មើសបច្ចេកវិទ្យានៅតាមតំបន់ ដើម្បីការពារប្រទេស និងប្រជាពលរដ្ឋផងដែរ។
ក្រោយកិច្ចប្រជុំ អង្គប្រជុំទាំងមូល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានពីកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលផ្តោតសំខាន់លើការងារបង្កើតថ្មីលើគ្រប់វិស័យទាំងអស់ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នាទប់ស្កាត់ និងដោះស្រាយនូវបញ្ហានៃការវិវត្តថ្មីនៃប្រព័ន្ធបច្ចេកវិទ្យារវាងប្រទេសទាំងអស់នៅលើពិភពលោកផងដែរ។
សូមរំលឹកផងដែរថា កិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរី លើកទី៥ (SICW) ឆ្នាំ២០២០ និងសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីសន្តិសុខប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានលើកទី៥ (AMCC) នេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលផ្ដោតលើវិធីសាស្ដ្រដែលបណ្ដាប្រទេសអាចធ្វើការរួមគ្នា ដើម្បីកសាងនូវលំហបច្ចេកវិទ្យាប្រកបដោយភាពធន់ និងសុវត្ថិភាព ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ចក្នុងពេលអនាគតនៃសម័យឌីជីថល (Digital Future)៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា