អន្តរជាតិ៖ យោងតាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ (UN) ចេញរួមគ្នារបស់អង្គការ UNICEF, អង្គការសុខភាពពិភពលោក(WHO) និងធនាគារពិភពលោក បាននិយាយថា៖ ទារកជិត២លាននាក់ បានស្លាប់ក្នុងផ្ទៃម្តាយជារៀងរាល់ឆ្នាំដែលស្មើនឹងមួយករណីក្នុងរយៈពេល១៦វិនាទី។ជាក់ស្តែងក្នុងរបាយការណ៍នៅថ្ងៃទី៨ ខែតុលា UN ក៏បានព្រមានថា ការរាលដាលជំងឺ COVID-19 អាចបន្ថែមការស្លាប់ចំនួន២០ម៉ឺននាក់ផ្សេងទៀត ដែលធ្វើឲ្យទារកស្លាប់ក្នុងផ្ទៃកើនដល់២លាននាក់។
របាយការណ៍ដដែល បន្តថា ភាគច្រើននៃការស្លាប់របស់ទារកក្នុងផ្ទៃម្តាយមានចំនួន៨៤ភាគរយ កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ ក្នុងប្រទេសទាំងនេះ បើតាមរបាយការណ៍ដដែល ការថែរក្សាសុខភាពទារកទើបនឹងកើត អាចជួយសង្គ្រោះជីវិតរាប់រយរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់តាមរបាយការណ៍បីស្ថាប័ន ដោយអះអាងថា ការស្លាប់ភាគច្រើនកើតឡើងដោយសារសេវាកម្មសុខាភិបាលទន់ខ្សោយ ខ្វះជំនាញ ព្រមទាំងខ្វះការវិនិយោគលើឧបករណ៍និងការបណ្តុះបណ្តាលឆ្មប។ លើសពីនេះទៅទៀត ខណៈអត្រាសាកលនៃការស្លាប់របស់មាតា និងទារកថយចុះ អត្រាទារកដែលស្លាប់ក្នុងផ្ទៃម្តាយនៅតែបន្តពិបាកក្នុងការកាត់បន្ថយជាពិសេសនៅទូទាំងអនុតំបន់សាហារ៉ាអាហ្វ្រិក និងអាស៊ីអាគ្នេយ៍។
ទាក់ទិននឹងបញ្ហានេះអ្នកស្រី Henrietta Fore នាយកប្រតិបត្តិនៃអង្គការUNICEF ក៏បាននិយាយដែរថា ការបាត់បង់កូននៅពេលកើតឬអំឡុងពេលមានផ្ទៃពោះ ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយសម្រាប់គ្រួសារមួយ។ អ្នកស្រីបន្តថា ជារឿយៗរឿងបែបនេះ ត្រូវបានស៊ូទ្រាំដោយស្ងាត់ស្ងៀម ហើយវាកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក។
លើសពីនេះអ្នកស្រី Henrietta Fore បានសង្កត់ធ្ងន់ថា៖ «លើសពីការបាត់បង់ជីវិត ការចំណាយខាងផ្លូវចិត្តនិងហិរញ្ញវត្ថុសម្រាប់ស្ត្រី ក្រុមគ្រួសារ និងសង្គមធ្ងន់ធ្ងរ និងយូរអង្វែង។ សម្រាប់ម្តាយជាច្រើន រឿងនេះ មិនគួរកើតឡើយ។»
ជាមួយគ្នានោះ របាយការណ៍ខាងលើ ក៏បានព្រមានថា ជំងឺរាតត្បាតCOVID-19 អាចបណ្តាលឱ្យមានចំនួនទារកស្លាប់ក្នុងផ្ទៃកើនឡើងជិត២០ម៉ឺននាក់បន្ថែម ក្នុងករណីគេសន្មតថា៥០ភាគរយនៃសេវាសុខាភិបាលក្នុងប្រទេសមានប្រាក់ចំណូលទាប និងមធ្យម រងផលប៉ះពាល់ដោយសារការឆ្លើយតបទៅនឹង COVID-19 នោះ។
គួរបញ្ជាក់ថា នៅទូទាំងពិភពលោកជាង ៤0ភាគរយនៃការស្លាប់របស់ទារកក្នុងផ្ទៃនៅតែកើតមានអំឡុងពេលសម្រាល។ បញ្ហាទាំងនេះ ក៏អាចបញ្ចៀសបានតាមរយៈការទទួលបានឆ្មបដែលបានបណ្តុះបណ្តាល និងការថែទាំសម្ភពបន្ទាន់៕ដោយ៖ស តារា