អន្តរជាតិ៖ បើតាមការអះអាងពីលោក Nakorn Premsri អគ្គនាយកវិទ្យាស្ថានវ៉ាក់សាំងជាតិថៃ បានប្រាប់កាសែតថៃបាងកកប៉ុស្តិ៍ថា៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មន្រ្តីក្រសួងសុខាភិបាលថៃ កំពុងតែចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 មួយចំនួននៅអង់គ្លេស ចិននិងរុស្ស៊ី ដើម្បីអាចទទួលបានវ៉ាក់សាំងឲ្យកាន់តែលឿនតាមតែអាចធ្វើទៅបាន។
លោក Nakorn Premsri បានបញ្ជាក់ថា រដ្ឋាភិបាលថៃក៏រំពឹងថា នឹងអាចសម្រេចបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងCOVID-19 ដែលកំពុងអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford និងជាមួយអង្គការសុខភាពពិភពលោក(WHO)តាមរយៈកម្មវិធី COVAX ដែលត្រូវបានបង្កើតឡើងដើម្បីជួយទិញវ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍផងដែរ។ លោក Nakorn អះអាងថាក្នុងដំណាក់កាលដំបូង រដ្ឋាភិបាលថៃចង់បានវ៉ាក់សាំងក្នុងរយៈពេលពី៣ទៅ៦ខែក្រោយវ៉ាក់សាំងនោះទទួលការអនុញ្ញាតឲ្យផលិត។
បើតាមមន្ត្រីសុខាភិបាលថៃ ក៏បានបញ្ជាក់ដែរថា៖«យើងចាំបាច់ត្រូវតែសកម្មនិងស្វះស្វែងរកវិធីដើម្បីទទួលបានវ៉ាក់សាំងឲ្យបានរហ័សបំផុត»។ បន្ថែមពីនេះ ថៃប្រឈមនឹងការផ្ទុះឆ្លងជំងឺ COVID-19 ដោយសារតែករណីឆ្លងខ្លះអាជ្ញាធរសុខាភិបាលមិនអាចស្វែងរកឃើញករណីឆ្លងដែលបណ្តាលឲ្យប្រជាជនទាំងមូលងាយរងគ្រោះ បើសិនជាមានការឆ្លងរាលដាល។
សូមជម្រាបថា រដ្ឋាភិបាលថៃ មានគម្រោងបង្កើនថវិកាសម្រាប់កម្មវិធីវ៉ាក់សាំងដល់ទៅជាង៩៦លានដុល្លារ(៣ពាន់លានបាត) ដើម្បីអាចផ្តល់វ៉ាក់សាំង COVID-19 ដល់ប្រជាជន៣៣លាននាក់ ប្រហាក់ប្រហែលនឹង៥០ភាគរយនៃប្រជាជនសរុប។ ចំពោះវ៉ាក់សាំង COVID-19នេះផងដែររដ្ឋាភិបាលថៃនឹងផ្ដលដោយឥតគិតថ្លៃ ប៉ុន្តែអាជ្ញាធរសុខាភិបាលនឹងធ្វើបញ្ជីអាទិភាពអ្នកដែលនឹងទទួលវ៉ាក់សាំងជាមុន។
ដោយឡែកបើតាមបុគ្គលិកសុខាភិបាល ក៏ដូចជាអ្នកបម្រើសេវាសង្គមនឹងទទួលបានអាទិភាពនេះ ចំណែកអ្នកដែលស្ថិតក្នុងតំបន់ដែលមានករណីឆ្លងជាប្រចាំ នឹងត្រូវទទួលបានវ៉ាក់សាំងតែម្តង។ ក្រៅតែពីស្វះស្វែងរកទិញវ៉ាក់សាំងពីបរទេស ថៃក៏កំពុងអភិវឌ្ឍកម្មវិធីវ៉ាក់សាំងCOVID-19 ដោយខ្លួនឯងដែរ។
លោក Nakorn បន្តថា ការធ្វើតេស្តដំណាក់កាលដំបូងលើមនុស្សនឹងត្រូវចាប់ផ្តើមឲ្យបានលឿនបំផុតក្នុងខែធ្នូ។ ការណ៍ដែលថៃ ព្យាយាមអភិវឌ្ឍវ៉ាក់សាំងខ្លួនឯងបែបនេះ គឺបណ្តាលមកពីបទពិសោធនៅពេលផ្ទុះគ្រុនផ្តាសាយជ្រូកកាលពីឆ្នាំ២០០៩ ដែលថៃពុំអាចផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ដល់ប្រជាជនខ្លួន។
បច្ចុប្បន្ន បើគិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ប្រទេសថៃមានករណីឆ្លងសរុបចំនួន៣,៦២៨ករណី និងស្លាប់ចំនួន៥៩នាក់។ជំងឺCOVID-19 នេះប៉ះពាល់សេដ្ឋកិច្ចថៃ ដោយបណ្តាលឲ្យការនាំចេញធ្លាក់ចុះ និងបាត់បង់ភ្ញៀវទេសចរ៕
ដោយ៖ស តារា