ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុកម៉ូតូមួយទៀតដែលបើកបញ្រ្ចាសគ្នាបណ្តាលឱ្យរបួសមនុស្ស៤នាក់នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ដែរបានរងរបួសដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបញ្រ្ចាសទិសគ្នាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នៅលើផ្លូវ៣SVR៧ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះតយ ជលសា អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកអុិចសាន់ទ័រ ពណ៌ស-ក្រហម គ្មានស្លាកលេខ រងការខូចខាតយ៉ាងដំណំ។
ចំណែកភាគីម្ខាងទៀតមានឈ្មោះយ៉ង់ បូរី  អាយុ៥៧ឆ្នាំ មុខរបរកសិករ មានអ្នក
រួមដំណើរឈ្មោះ ហួ តាក់ អាយុ២៩ឆ្នាំ មុខរបរកសិករ និងឈ្មោះ ហួ បូរិន  អាយុ២ឆ្នាំ   អ្នកទាំងបីមានទីលំនៅភូមិចេកឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកអុិចសាន់ទ័រ ពណ៌
ស-ក្រហម គ្មានស្លាកលេខ នៅលើផ្លូវ៣SVR៧ក្នុងទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងខ្លាំង ស្រាប់តែបើកទៅបុកម៉ូតូម៉ាកហុងដាអ៊ែអេសអិុច ពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខស្វាយរៀង១I-៣៨៧៧ ដែលបើក
បញ្រ្ចាសគ្នាជិះគ្នា៣នាក់ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។

ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកសមត្ថកិច្ចបានមកវាស់វែងអូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសំរោងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖