ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរចែកចាយប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ប្រុសស្រី២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រែថ្មី បានបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មមួយករណីដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មន្រ្តីនគរបាលស្រុករលាប្អៀរបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ដែលកម្លាំងនគរបាលឃាត់ខ្លួនរួមមានឈ្មោះ យន់ ប៊ុនណា(ហៅអាយៀវ) ភេទប្រុសអាយុ ២៦ ឆ្នាំរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងឈ្មោះ ហង្ស ចាន់ណា ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងករណីបង្ក្រាបនេះដែរសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១០ កញ្ចប់ធំ ២កញ្ចប់តូចទូរស័ព្ទ ៣ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ២ គ្រឿង និង ដាវ១ដើម ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

  

ដោយ៖ ចន្ថា


ចែករំលែក៖